កំពង់ចាមៈ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ២០២-២០៣ ភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុករថយន្តកែច្នៃ ក្នុងទិសដៅស្របគ្នា ពីកើតទៅលិច បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងបុរសម្នាក់របួសស្រាល។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3D-1561 បើកបរដោយឈ្មោះ ឆុន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសស្រាល) គេចខ្លួន និងមានអ្នករួមដំណើរឈ្មោះ ថន ស្រីរត្ន័ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបររថយន្ត ស្លាប់នៅមន្ទីរពេទ្យស្ទោង បន្ទាប់ពីជិះទៅបុកនឹងរថយន្តកែច្នៃ ពណ៌ក្រហមចាស់ ស្លាកលេខគ្មាន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រង់ចាំដោះស្រាយគ្នាតាមច្បាប់។
ចំណែកមូលហេតុបឋម បង្កឡើងដោយអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បើកបរក្នុងស្ថានភាពងងុយគេង និងមានល្បឿនលឿន ទៅបុកគូទរថយន្តកែច្នៃពីក្រោយ ។
មតិយោបល់