ព័ត៌មានជាតិ

បើកវ៉ាជែងរថយន្តមិនប្រយ័ត្ន បណ្តាលឲ្យម៉ូតូ២គ្រឿងបុកគ្នា ស្លាប់និងរបួសធ្ងន់មនុស្ស២នាក់

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៥និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូវ៉ាជែងរថយន្ត បណ្តាលឲ្យបុកម៉ូតូដូចគ្នាស្លាប់បុរសម្នាក់ លើផ្លូវកៅស៊ូចំណុចមុខផ្ទះឈ្មោះ សុខ ចម្រើន ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1H 5562 បើកបរដោយឈ្មោះ ឌួង សុខា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពីទិសខាងកើតទៅលិច ពេលដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្ត០១គ្រឿង ហើយជ្រុលទៅបុក ម៉ូតូ០១គ្រឿងទៀត ម៉ាក់HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1J.4118 បើកបរដោយឈ្មោះ សេង ភារះ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងដំណើរច្រាសទិសគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ឈ្មោះ ឌួង សុខា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងរបួសស្រាលម្នាក់ ខូចម៉ូតូ០២គ្រឿងស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះត្រូវដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីព្យាបាល ៕

មតិយោបល់