ព័ត៌មានជាតិ

បុរសម្នាក់ចេញពីផឹកស៊ី ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តហ្វត បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ចេញពីផឹកស៊ីវិញ បានជិះម៉ូតូជ្រុលទៅបុកនិងរថយន្ត ford មួយគ្រឿង ដែលជិះជាលក្ខណៈគ្រួសារ បណ្តាលឲ្យរងការខូចខាត និងធ្វើអោយអ្នកជិះម៉ូតូរងរបួសជើង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ចំណុចផ្លូវ៤៣២ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក fordecosport ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ7911 ជិះជាលក្ខណៈគ្រួសារប្តីប្រពន្ធនិងកូនស្រី បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែបុរសម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IR7035 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បានជ្រុលទៅបុកនិងរថយន្ត ចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យម៉ូតូរងការខូចខាត ផែ្នកខាងមុខ បត់ក្បាលត្រឡប់ក្រោយវិញ ព្រមទាំងធ្វើឲ្យអ្នកជិះម៉ូតូ រងរបួសហូរឈាមជើងខាងស្តាំ និងហូរនោមដាក់ខោ ត្រូវបានរថយន្ត ដឹកយកទៅ ព្យាបាលរបួស នៅគ្លីនិកឯកជនសុងការណ៍ ។

ដោយឡែកខាងរថយន្តវិញ រងការខូចខាតក្រពិតទ្វារ ចំហៀងខាងឆ្វេងទាំងមុខ និងក្រោយ បើកចេញពីកន្លែងកើតហេតុ ប្រហែល១០ម៉ែត្រទើបឈប់រថយន្ត ហើយក៏មិនមានគ្រោះថ្នាក់ ដល់មនុស្សដែលជិះនៅក្នុងរថយន្តនោះទេ ។

ក្រោយពេលកើតហេតុ វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដំណោះស្រាយ នៅពេលក្រោយជាបន្តទៀត ៕

មតិយោបល់