ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនចោរម្នាក់ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ Zoomer X មន្រ្តីរាជការម្នាក់

ស្វាយរៀង: នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានករណីលួចម៉ូតូ មួយកើតឡើងបង្កដោយជនសង្ស័យម្នាក់ឈ្មោះ សុខ ទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានធ្វើសកម្មភាពលួចយកម៉ូតូ ០១ គ្រឿង ម៉ាក Zoomer X ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ-បៃតង ពាក់ផ្លាកលេខ ស្វាយរៀង 1F-1983 របស់ឈ្មោះ គង់ សុផុន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។ បន្ទាប់ពីធ្វើសកម្មភាពលួចបានហើយជនសង្ស័យ បានជិះម៉ូតូគេចខ្លួនទៅទិសខាងកើត ហើយក៏ត្រូវម្ចាស់ផ្ទះស្រែកឲ្យប្រជាពលរដ្ឋនៅក្បែរនោះ ជួយជិះម៉ូតូដេញតាមពីក្រោយ និងបានរាយការណ៍មកនគរបាលជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ បានចេញដេញតាមជនសង្ស័យរហូតដល់ត្រង់ចំណុចខាងមុខអតីតបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិរោងបន្លែ ក្រុងស្វាយរៀង ជនសង្ស័យក៏ផ្តួលម៉ូតូចោល រួចរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមច្បាប់៕

មតិយោបល់