ស្វាយរៀងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩និង១០នាទី នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ យឹម ធី ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវជាកូន ក្រោយពីផឹកស្រាស្រវឹងបានឈ្លោះប្រកែកគ្នាជាមួយម្តាយ និងឈានដល់យកអង្រែបុកគ្រឿងវាយសំពងទៅលើម្តាយឈ្មោះ យិន រី ភេទស្រី អាយុ ៦៩ឆ្នាំ ចំក្បាល បណ្តាលអោយបែក ដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយទទួលបានរបាយការណ៍ភ្លាមៗ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ប៉ុស្តិ៍រដ្ឋបាល តាមចាប់ខ្លួនជនសង្ស័យអោយទាល់តែបាន។
ក្រោយទទួលបានបទបញ្ជា កងកម្លាំងទាំងអស់បានតាមរកជនសង្ស័យ រហូតដល់ម៉ោង ០៦និង៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបចាប់ឃាត់ខ្លួនជនសង្ស័យដែលជាកូនតិរច្ឆាននោះបាននៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់