ព័ត៌មានជាតិ

បងប្អូនប្រុងប្រយ័ត្ន! មន្ត្រីជំនាញរកឃើញ យ៉ាអ៊ួ​ នំម្នាស់ នំកញ្ចប់​ នំស្នូលដូង ហួសកាលបរិច្ឆេទប្រើប្រាស់

ស្ទឹងត្រែងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើបា្រស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅផ្សារសាមគ្គី និងផ្ទះលក់ដូរជុំវិញផ្សារ ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-យ៉ាអ៊ួចំនួន ៦២កែវ ស្មើនឹង ៦.២គីឡូក្រាម
-នំម្នាស់ចំនួន ២២កញ្ចប់ ស្មើនឹង ១.៦គីឡូក្រាម
-នំកញ្ចប់ចំនួន ១២កញ្ចប់ ស្មើនឹង ១គីឡូក្រាម
-នំស្នូលដូងចំនួន ២ថង់ ស្មើនឹង ១.២គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ១០គីឡូក្រាម។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់