ភ្នំពេញៈ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៨និង០០នាទី មានករណីក្រុមក្មេងទំនើង មានគ្នាជាង២០នាក់ ដែលប្រដាប់ដោយដាវនិងដំបងគ្រប់ដៃ ជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាព ចូលវាយ កាប់ទៅលើយុវជន៣ទៅ៤នាក់ អង្គុយលេងនៅក្បែរផ្ទះរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ស្ថិតនៅជាប់ប្រឡាយក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បាននាំគ្នាអង្គុយលេងនៅកន្លែងកើតហេតុ ស្រាប់តែលេចមុខក្រុមក្មេងទំនើងជាច្រើននាក់ ជិះម៉ូតូ ប្រដាប់ដោយដាវនិងដំបងគ្រប់ដៃ បានចូលទៅវាយនិងកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលចំនួន២នាក់ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ មានការភិតភ័យ ហើយពេលនោះក៏មានសាច់ញាតិជនរងគ្រោះបានចេញមក បណ្តាលឲ្យក្រុមក្មេងទំនើងទាំងនោះ ជិះម៉ូតូចេញពីកន្លែងកើតហេតុ បានបន្សល់ទុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GM-0256 មានសៀតដាវកែច្នៃ១ដើម និងដែកឆាបតូច១ដើម។ លុះក្រោយពេលក្រុមក្មេងទំនើងជិះម៉ូតូឡើង លើស្ពានអាកាសស្ទឹងមានជ័យ បានផ្ទុះសំឡេងដូចជាគ្រាប់កាំភ្លើង១គ្រាប់ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ យកម៉ូតូក្រុមជនសង្ស័យ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកក្រុមក្មេងទំនើងទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់