ព័ត៌មានជាតិ

ចោរលួចគោពីរក្បាល នៅខេត្តបាត់ដំបង ត្រូវអស់លក្ខណ៍ មកជាប់អន្ទាក់សមត្ថកិច្ច ខេត្តបន្ទាយមានជ័យ

បាត់ដំបង: កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២៤និង១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរយាយតា ស្ថិតក្នុងភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកគោចំនួន០២ក្បាលទៅបាត់ ក្នុងខណ:ដែលម្ចាស់គោឈ្មោះ សុខ ស្រីសួង ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅចំណុចកើតហេតុ ចងគោទុកនៅខាងមុខផ្ទះ ។

ក្រោយពេលដឹងថា គោរបស់ខ្លួនត្រូវបានចោរលួចយកទៅបាត់ ម្ចាស់បានរាយការណ៍ដល់ សមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗ ហើយឆ្លង តាមរយ:ព័ត៌មាននេះ សមត្ថកិច្ចនគរបាលបាន ចាត់វិធានការស្រាវជ្រាវជាបន្ទាន់ រហូតដល់វេលាម៉ោង១០និង៣០នាទី ដោយមានការសហការល្អជាមួយសមត្ថកិច្ចនគរបាល ស្រុកមេឡៃ ខេត្តបន្ទាយមានជ័យ ទើបស្វែងរកជន សង្ស័យយនោះឃើញនៅចំណុចជើងភ្នំយាយសំ ឃុំទួងពង្រ ស្រុកមេឡៃ ខេត្តបន្ទាយមានជ័យដោយធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានគោ ចំនួន០២ ក្បាលនោះមកវិញ ។

ជនសង្ស័យរូបនេះឈ្មោះ ឆុង ឈឹម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង រួមជាមួយគោ ចំនួន០២ក្បាលត្រូវបានសមត្ថកិច្ចនគរបាលស្រុកមេឡៃ ប្រគល់មកឱ្យសមត្ថកិច្ច នគរបាលស្រុកសំពៅលូន ហើយពេលនេះគោទាំងពីរក្បាល បាន ប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយនគរបាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

មតិយោបល់