ព័ត៌មានជាតិ

ក្មេងស្រីដែលប្រកាសតាមបណ្តាញសង្គមថា បានបាត់ខ្លួនត្រូវបានរកឃើញ

ព្រះសីហនុ: យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១៥ រោច ខែកត្តិក
ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីឃើញការបន្តបង្ហោះ និងផ្សាយប្រកាសនូវការបាត់ខ្លួនក្មេងស្រីម្នាក់នៅម្តុំសង្កាត់លេខ១ ផ្សារឃ្លាំងលើរបស់គណនេយ្យហ្វេសប៊ុកឈ្មោះថា Ou Thydapoeuv/ អ៊ូ ធីតាពៅ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារឲ្យអធិការក្រុង-ស្រុកទាំងអស់ចុះធ្វើការស្រាវជ្រាវ និងប្រកាសស្វែងរកជាបន្ទាន់។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវ និងទាក់ទងទៅឪពុករបស់ក្មេងស្រីខាងលើបានឲ្យដឹងថា កូនស្រីគាត់ឈ្មោះ ខ្លី សុម៉ាលី អាយុ៩ឆ្នាំ ត្រូវបានម្ដាយរបស់ក្មេងស្រីឈ្មោះ មឿង សុផល អាយុ២៨ឆ្នាំ មកយកកូនទៅស្រុកកំណើត នៅភូមិតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១២យប់មកម្លេះ៕

មតិយោបល់