ភ្នំពេញៈ បុរសជាមេការដាក់លូក្រុមហ៊ុន OCIC ម្នាក់ បានជិះម៉ូតូមួយគ្រឿង ធ្វើដំណើរស្របទិសដៅ ជាមួយរថយន្តដឹកដី ដោយគេអះអាងថា តៃកុងរថយន្តនឹងជនរងគ្រោះស្គាល់គ្នា ហើយធ្វើការជាមួយគ្នា ខណៈពេលជិះមកដល់ចំណុចកើតហេតុ បានស៊ីផ្លេដាក់ធ្វើឲ្យជនរងចាប់ហ្វាំងម៉ូតូ បានរអិលដីខ្សាច់ដួលចូលក្រោមកង់ក្រោយរថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០ នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ទួលសាលាក្នុងក្រុមហ៊ុន OCIC ភូមិដើមគរសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឆែម វណ្ណា អាយុ៤៨ឆ្នាំ មុខរបរមេការដាក់លូ ក្នុង OCIC ស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិបារាយខាងលិច សង្កាត់បារាយ ក្រុងព្រៃវែង ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង ១R-៣៤៨២ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទួលសាលា ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ខណ:ពេលជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំមួយគ្រឿង ជាប្រភេទរថយន្តដឹកដីខ្សាច់ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ៣D-៨៨១៤ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងស្របទិសដៅគ្នាស្របពេលនោះដោយសារតែជនរងគ្រោះ នឹងអ្នកបើករថយន្តបង្កស្គាល់គ្នា ហើយបានស៊ីផ្លេរថយន្តដាក់ពីក្រោយធ្វើឲ្យជនរងគ្រោះ ដែលកំពុងជិះម៉ូតូភ្ញាក់ចាប់ហ្វ្រាំបង្ខំ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះរអិលដីខ្សាច់ នៅតាមចិញ្ចើមផ្លូវដួល ចូលក្រោមកង់រថយន្តដឹកដី កង់ក្រោយខាងស្តាំរថយន្ត បណ្ដាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅក្នុង ថ្លុកឈាម អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុនិងបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តព្រៃវែង៕
មតិយោបល់