ភ្នំពេញៈ បងប្អូនបង្កើត២នាក់ បានបបួលគ្នាដើរធ្វើសកម្មភាពគាស់សោបន្ទប់ជួលរបស់កម្មកររោងចក្រអូលីវ បានសម្រេច៣បន្ទប់ ហើយត្រូវបានសន្តិសុខ និងប្រជាពលរដ្ឋប្រទះឃើញទាន់ព័ទ្ធចាប់បានភ្លាមៗ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល របស់ក្រុមហ៊ុនអូលីវ ផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១.ឈ្មោះ ឆោម វិផុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ក្នុងភូមិគោកបន្ទាយ សង្លាត់ព្រៃស ខណ្ឌដង្កោ។ ទី២.ឈ្មោះ ឆោម វិផាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រកដ ត្រូវជាបងប្អូនបង្កើតនឹងគ្នា។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះជួលនៅទីតាំងកើតហេតុ ជាផ្ទះជួលរបស់ក្រុមហ៊ុន រោងចក្រ អូលីវ នៅវេលាខាងលើ ស្រាប់តែជនសង្ស័យទាំង២នាក់ បន្លំខ្លួនចូលទៅក្នុងទីតាំងខាងលើ ឡើងទៅជាន់ទី១ធ្វើសកម្មភាពឆ្កឹះគាស់សោបន្ទប់ជួលរបស់កម្មករ បានចំនួន៣បន្ទប់ បានសម្រេច លួចយកបានទូរស័ព្ទ របស់របរមួយចំនួនហើយ ត្រូវបានក្រុមសន្តិសុខ ឃើញទាន់ ស្រែកផ្អើលពលរដ្ឋ នាំគ្នាព័ទ្ធចាប់បានភ្លាមៗ ប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ចោមចៅ។
ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនសាកសួរ នៅប៉ុស្តិ៍ចោមចៅ កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ ចាត់ការទៅតាមនីតិវិធី៕
មតិយោបល់