ព័ត៌មានជាតិ

Update៖ រថយន្តដឹកហ្គាស បុករះ៥គ្រឿងស្លាប់បុរសម្នាក់ និងរបួសច្រើនអ្នក នៅខណ្ឌសែនសុខ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង និងស្ត្រីពោះធំម្នាក់ទៀត រងរបួសធ្ងន់ បង្កឡើងដោយ រថយន្តស៊ីទែនដឹកហ្គាស បើកបុករះម៉ូតូនិងរថយន្តចំនួន៥គ្រឿង ដែលកំពុងឈប់ភ្លើងស្តុប កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង ចំណុចភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់នៅកន្លែង ឈ្មោះ យិន វ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករដឹកកញ្ចក់មានស្រុកកំណើតភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-4913 ជារថយន្តដឹកហ្គាស បើកបរតាមបណ្តោយផ្លូវហាណូយ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្តព្រុស ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2BI-0032 រុញផ្ទប់នឹងម៉ូតូរ៉ឺម៉កកំពុងឈប់ភ្លើងស្តុប ពីជើងទៅត្បូង និងបន្តទៅបុករះម៉ូតូរ៉ឺម៉កដឹកកញ្ចក់ ម៉ូតូលក់ពោតស្ងោរ ម៉ូតូលក់លៀសហាល ម៉ូតូលក់គ្រឿងម្ជូរ ដែលឈប់ចតលក់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្ត្រីពោះធំ ជាកម្មការិនីរោងចក្រ២នាក់ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបរម៉ូតូរ៉ឺម៉កដឹកកញ្ចក់ ស្លាប់ភ្លាមៗនៅកន្លែង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនបើកបររថយន្តបង្ក ក្រោយកើតហេតុភ្លាម ត្រូវបានសមត្ថកិច្ចប្រចាំគោលដៅ ក្បែរនោះឃាត់ខ្លួន ហើយនគរបាលជំនាញចុះទៅពិនិត្យវាស់វែង រួចប្រមូលសម្ភារៈពាក់ព័ន្ធ រួមទាំងអ្នកបើកបររថយន្តបង្កផងទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់