កណ្តាលៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៣៥ ទីតាំង នៅតាមបណ្តោយផ្លូវលេខ២១ ចំនួន ២៥ស្ថានីយ/ដេប៉ូ, នៅសង្កាត់រការខ្ពស់ និងព្រែកគយ ស្រុកស្អាង ចំនួន ០៤ស្ថានីយ/ដេប៉ូ និងនៅស្រុកកៀនស្វាយ ចំនួន ០៦ស្ថានីយ/ដេប៉ូ ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ៣៥ ផងដែរ។
*លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖
-ស្ថានីយ/ដេប៉ូ ចំនួន ០៥ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។
-ស្ថានីយ/ដេប៉ូ ចំនួន ០៣ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។
-ស្ថានីយ/ដេប៉ូ ចំនួន ០១ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព។
ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់