ព័ត៌មានជាតិ

ករណីឆ្លង​ចរន្ត​អគ្គិស​នី​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ ១​ខ្នង ​សរុបទឹកប្រាក់អស់ ៣ម៉ឺនដុល្លារ នៅ​ស្រុក​កណ្តៀង​

​ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ ស្ថិត​នៅ​ក្នុងភូមិ​ក​គោ​ ឃុំ​ស្វាយ​លួង​ស្រុក​កណ្ដៀង​ ខេត្តពោធិ៍សាត់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍​ ។​

​លោក​វរសេនីយ៍ទោ​ អ៊ុ​ន​ ស៊ី​ អធិការ​នគរបាល​ស្រុក​កណ្តៀង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ​ ព្រំ​ ប៊ុ​ន​ថន​ ភេទ​ប្រុស​ អាយុ ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​ ។​

​លោក​អធិការ​បាន​បន្ត​ថា​ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​ គឺ​បណ្តាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​ឆ្លង​ចរន្ត​ទើប​បណ្តាល​ឲ្យ​ឆេះ​​ផ្ទះ​អស់​ចំនួន​០១​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ក្រាល​ក្ដារ​ ជញ្ជាំង​ក្ដារ​ ប្រក់​ស័ង្កសី​ តុ​ ទូ​ កៅអី​ គ្រែ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ គិត​ជា​ប្រាក់​សរុប​ចំនួន​៣០,០០០​ដុល្លារ​(​បី​ម៉ឺន​ដុល្លារ​)​។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ក្នុង​ការ​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់អគ្គិភ័យ​នេះ​ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង​ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ និង​ចេញ​រថយន្ត​អគ្គិ​ភ័យ​ចំនួន​០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​០៣​រថយន្ត​ និង​ម៉ាស៊ីនបូមទឹក​ចំនួន​០១​គ្រឿង​ទើប​អាច​ពន្លត់ភ្លើង​បាន​ ៕

មតិយោបល់