ព័ត៌មានជាតិ

ស្រីស្រស់ម្នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីលួចប្រាក់និងគ្រឿងអលង្ការជិត៣ពាន់ដុល្លារនៅក្រុងសៀមរាប

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានចាប់ឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួចទ្រព្យសម្បត្តិ (ប្រាក់និងគ្រឿងអលង្ការ) លើស្រី្តជនរងគ្រោះម្នាក់ទៀត ខណ:ពេលនារីរងគ្រោះរូបនោះមិនបាននៅផ្ទះ ដោយមានធុរ:ចេញទៅខាងក្រៅ ពេលនោះជនសង្ស័យបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់គេងរបស់ជនរងគ្រោះ ដែលមិនបានចាក់សោទ្វារ ហើយជនសង្ស័យបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិមួយចំនួន ពេលធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបម្រុងដើរចេញមកក្រៅដើម្បីគេចខ្លួន ពេលនោះត្រូវបានឪពុករបស់ជនរងគ្រោះ បានឃើញជនសង្ស័យ រួចធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗយកមកប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ទ្រី រ៉ូមីហ្សឺ ហៅ ធី (នីតា) ភេទស្រី អាយុ18ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែកឯជនរងគ្រោះឈ្មោះ សំ ស្រីដែន ហៅ (ហ្វាស៊ីរ៉ា) ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរ បុគ្គលិកផ្សារទំនើប មានទីលំនៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
រីឯវត្ថុតាងរួមមាន ៖ កងដៃឈុត ធ្វើអំពីផ្លាកទីន ចំនួនដប់កង ដែលមានតម្លៃទឹកប្រាក់ចំនួន ៧០០ដុល្លារ, ខ្សែដៃមួយខ្សែ ប្រភេទច្រវាក់ឆាប ធ្វើអំពីផ្លាកទីនចំនួនមួយខ្សែ មានទម្ងន់ ៥ជី តម្លៃ ៥០០ដុល្លារ , ចិញ្ចៀនម៉ូតផ្កាច័ន្ទត្បូងពណ៌ស ធ្វើអំពីផ្លាកទីន ចំនួនមួយវង់ មានតម្លៃ ៧០ដុល្លារ, ទូរស័ព្ទ ipad ចំនួន ១ គ្រឿង ពណ៌មាស មានតម្លៃ ៥២០ដុល្លារ, ប្រាក់ដុល្លារចំនួន ៤០ដុល្លារ, ប្រាក់បាតថៃចំនួន ២០០បាត, ប្រាក់ខ្មែរចំនួន ១៨០០,០០០រៀល, ។
បច្ចុប្បន្ន ករណីនេះនគរបាលជំនាញ កំពុងធ្វើការកសាងសំណុំរឿងចាត់បញ្ជូនតាមនីតិវិធី ៕

 

មតិយោបល់