ព័ត៌មានជាតិ

រថយន្ត LandCruiser សង្ស័យអ្នកបើកបរស្រវឹង បើកលឿនជ្រុលបុករបងផ្ទះពលរដ្ឋ នៅខណ្ឌទួលគោក

ភ្នំពេញ: កាលពីវេលាម៉ោង ១និង២៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយលេខ៥២៨កែងនិងផ្លូវលេខ២៧៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មានករណីរថយន្ដ Landcruiser មួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹង បើកលឿនផ្លូវកែងបួងចង្កូតមិនបន្ថយល្បឿន ក៏ជ្រុលបុកផ្ទប់របងផ្ទះប្រជាពលរដ្ឋធ្លុះចូលដល់ខាងក្នុងរងការខូចខាតជាច្រើនផ្ទាំង ចំណែករថយន្តបង្កខូចខាតខ្ទេចមួយកំណាត់មុខទាំងស្រុង អ្នកបើកបរគេចខ្លួនបាត់ស្រមោល។

រថយន្តបង្កម៉ាក landcruiser ពណ៌ស ស៊េរីឆ្នាំ២០០៩ គ្មានស្លាកលេខ។

យោងតាមប្រភពព័ត៌នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ពួកគាត់មិនដឹងច្បាស់ថា រថយន្ដនោះបង្កហេតុតាំងពីម៉ោងប៉ុន្មាននោះទេ តែខណ:ពេលដែលគាត់ធ្វើដំណើរតាមបណ្តោយផ្លូវនោះ ពួកគាត់ប្រទះឃើញរថយន្តបង្កខាងលើ បុករបងផ្ទះនោះទៅហើយ ប្រភពដដែលបានបន្តថាបើតាមស្ថានភាពស្នាមកង់រថយន្តពួកគាត់អាចសន្និដ្ឋានបានថា រថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧៥ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់កែងនិងផ្លូវ៥២៨រថយន្តបង្កនោះ ក៏បួងចង្កូតបត់ស្ដាំមិនបន្ថយល្បឿន​បណ្ដាលឲ្យជ្រុលបុកផ្ទប់ចូលរបងផ្ទះប្រជាពលរដ្ឋបណ្តាលបាក់រលំរងការអស់ជាច្រើនផ្ទាំង ចំណែករថយន្តបង្ករងការខ្ទេចមួយកំណាត់មុខយ៉ាងដំណំ បន្ទាប់ពីបង្កហេតុអ្នកនៅក្នុងរថយន្តបង្កបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ ទើបពួកគាត់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយកើតហេតុរថយន្ដខាងលើ ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាបន្តនៅពេលក្រោយជាមួយម្ចាស់ផ្ទះរងគ្រោះ៕

មតិយោបល់