បើតាមគម្រោងសេចក្តីព្រាងច្បាប់ អាមេរិកនឹងបង្កើតគណៈកម្មការជំនាញមានសមាជិក១៣រូប ទទួលបន្ទុកលើកសំណើជាចំនួនទឹកប្រាក់សំណង ទៅឱ្យពលរដ្ឋស្បែកខ្មៅចំនួនប្រមាណ ៤លាននាក់ ជាកូនចៅជំនាន់ក្រោយរបស់ទាសករដែលអាមេរិកចាប់យកមកដោយបង្ខំ នៅរវាងពីឆ្នាំ១៦១៩ដល់ឆ្នាំ១៨៦៥។ ពលរដ្ឋដែលបំពេញគ្រប់លក្ខខណ្ឌ អាចទទួលបានប្រាក់សំណងដល់ទៅ ២៥០០០ដុល្លារម្នាក់ សម្រាប់ទៅបង់រំលោះទិញផ្ទះ ឬជួសជុលលំនៅដ្ឋាន។
សេចក្តីព្រាងច្បាប់នេះ ជាតំណាងនៃការប្រយុទ្ធប្រឆាំងនឹង ភាពអយុត្តិធម៌ ឃោរឃៅ ព្រៃផ្សៃ និង អមនុស្សធម៌ ក្នុងសម័យទាសករផង និងដើម្បីគាស់រំលើងវិសមភាពនិងការបន្តរើសអើងជាប្រព័ន្ធចំពោះអាមេរិកស្បែកខ្មៅ នាពេលបច្ចុប្បន្ននេះផង។ ហេតុដូច្នេះ ហើយបានជាគេចាត់ទុកការបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់របស់គណៈកម្មការសភា ម្សិលមិញនេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បើទោះបីជាសេចក្តីព្រាងច្បាប់ត្រូវបន្តដំណើរវែងឆ្ងាយទៀត មុននឹងអាចចេញជាច្បាប់បានក៏ដោយ។ សេចក្តីព្រាងច្បាប់ត្រូវឆ្លងកាត់ការបោះឆ្នោតនៅសភាដែលទំនងជាអាចចេញរួចដោយសម្រួល តែនៅពេលឡើងដល់ព្រឹទ្ធសភា ត្រូវជួបការលំបាកខ្លាំង។ បើទោះបីជាទទួលស្គាល់អំពីទង្វើឃោរឃៅក្នុងសម័យទាសករក៏ដោយ ក៏សមាជិកសភាបក្សសាធារណរដ្ឋមិនគាំទ្រសេចក្តីព្រាងច្បាប់ទាសករនេះដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់សងជំងឺចិត្តដល់គ្រួសារទាសករនេះ ត្រូវបានតាក់តែងសរសេរឡើងតាំងពីជិត៣០ឆ្នាំមកហើយ ហើយទើបត្រូវបានផុសឡើងមកវិញ ក្រោយមានហេតុការណ៍ប៉ូលិសស្បែកសបាញ់សម្លាប់ពលរដ្ឋស្បែកខ្មៅ ជាច្រើនករណីកន្លងមកថ្មីៗនេះទេ។ អាមេរិកបានបញ្ចប់ទាសភាពនៅឆ្នាំ១៨៦៥ និងបើទោះបីជាការប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិសេរីភាពស្មើគ្នាចាប់ជឿនលឿនខ្លាំងតាំងពីឆ្នាំ១៩៦០មកក្តី ក៏ជនជាតិអាមេរិកស្បែកខ្មៅ នៅតែពលរដ្ឋដែលបានទទួលការសិក្សាទាបជាងគេ មិនសូវមានសញ្ញាប័ត្រខ្ពស់ និងមានអាយុខ្លីជាងពលរដ្ឋស្បែកខ្មៅ។ បើតាមស្ថិតិផ្លូវការ គ្រួសារស្បែកខ្មៅ មានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម៤៣៧៧១ដុល្លារទល់នឹង៧១៦៦៤ដុល្លារសម្រាប់គ្រួសារស្បែកស។

មុនសេចក្តីសម្រេចថ្នាក់ជាតិ មានរដ្ឋខ្លះបានធ្វើសេចក្តីសម្រេចថ្នាក់មូលដ្ឋានផ្តល់សំណងដល់គ្រួសារទាសករខ្លះរួចមកហើយ។ ក្រុងEvanston ជិតChicago បានក្លាយជាក្រុងដំបូងគេ ដែលចំណាយប្រាក់១០លានសម្រាប់ព្រមផ្តល់សំណងជំងឺចិត្តដល់គ្រួសារស្បែកខ្មៅ ក្នុង១០ឆ្នាំ។
Rear view of man’s head
មតិយោបល់