ព័ត៌មានជាតិ

តៃកុងអាអ៊ិចគៀបជាប់ជាមួយតួកាប៊ីនបែកក្បាលស្លាប់

ភ្នំពេញៈ យុវជនម្នាក់ដែលជាតៃកុងអាអ៊ិចបានបញ្ជាអាអ៊ិចកាយដីទៅកាយកូនត្នោត ដើម្បីយកគោមត្នោតមកហូប ដោយមានការធ្វេសប្រហែស ក៏ត្រូវបូមប្រម៉ោយអាអ៊ិចរ៉េមកគៀបផ្ទប់ជាប់និងតួកាប៊ីនបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌តែម្ដងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងែទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចកណ្ដាល វាលស្រែក្បែរទួលលោកតាគោល ស្ថិតក្នុងភូមិកាន់ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងបើកបញ្ជាអាអ៊ិចកាយដីទៅកាយកូនត្នោត ដើម្បីយកគោមត្នោតមកហូប ខណៈពេលកាយបានមកហើយ ក៏បញ្ជាប្រម៉ោយអាអ៊ិចឲ្យក្ដោបចូលក្បែរខ្លួន ដែលកំពុងបញ្ជាអាអ៊ិចនៅក្នុងកាប៊ីន ដើម្បីយកគោមត្នោតមកហូប ប៉ុន្តែជាអកុសលពេលអើតចេញលូកដៃមកយកគោមត្នោត ដោយមានការធ្វេសប្រហែស ក៏បានទាក់ប្រដាប់បញ្ជាអាអ៊ិចស្រាប់តែរ៉េប្រម៉ោយអាអ៊ិចមកគៀបជាប់ផ្ទប់ជាមួយតួកាប៊ីនអាអ៊ិច បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌។

លោកបានបញ្ជាក់បន្តថា យុវជនរងគ្រោះដែលត្រូវបានស្លាប់បាត់បង់ជីវិតមានឈ្មោះ បឿន វណ្ណះ ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរជាអ្នកបើកអាអ៊ិចកាយដី ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ពន្សាំងបាន ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងប្រគល់សាសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់