បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកយាយវ័យ៨២ឆ្នាំម្នាក់ ត្រូវបានឃាតកវាយសម្លាប់នៅក្នុងបន្ទប់ ដោយមិនដឹងពីមូលហេតុ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តបរមនិវេសន៍ ស្ថិតក្នុងភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ សែត អាយុ៨២ឆ្នាំ ជាយាយជីនៅសំណាក់ធម៌ក្នុងវត្តបរមនិវេសន៍ ស្ថិតក្នុងភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបន្តទៀតថា នៅមុនពេលទទួលបានព័ត៌មាន មានព្រះ០១អង្គព្រះនាម គឹម សុខមគ្គ ព្រះជន្ម២៩វស្សា បានទៅដោះទុក្ខសត្វ(បត់ជើងតូច)ក្នុងបង្គន់ក្បែរកុដិ(បន្ទប់)លោកយាយរងគ្រោះ បានឮសំឡេងវិទ្យុនៅបើក តែមិនឃើញលោកយាយរងគ្រោះ ។ បន្ទាប់មក បានហៅព្រះសង្ឃចំនួន០២អង្គមានព្រះនាម រស់ លាង ព្រះជន្ម២៦វស្សា និងព្រះនាម សុខ រ៉ុង ព្រះជន្ម២៥វស្សា ឱ្យទៅហៅយាយសែត ។ ពេលទៅដល់ទើបដឹងថាយាយ សែត ស្លាប់ដោយសារគេវាយសម្លាប់ នៅក្នុងកុដិ(បន្ទប់)មិនដឹងពីពេលណា រួចបានផ្តល់ព័ត៌មានមកសមត្ថកិច្ច ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកមង្គលបុរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ សពលោកយាយរងគ្រោះត្រូវឃាតកវាយលើផ្ទៃមុខ ។
ករណីនេះ មិនទាន់អាចសន្និដ្ឋានជាករណីប្លន់យកទ្រព្យសម្បតិ្ត ឬយ៉ាងណានោះទេ ព្រោះកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវវែករកមុខឃាតក បើឈាមស្រែក ស្បែកហៅ ឃាតកមិនអាចរួចផុតពីសំណាញ់ច្បាប់នោះឡើយ ៕
មតិយោបល់