ព័ត៌មានជាតិ

រថយន្តកាមរីបាឡែន ផ្លាកលេខភ្នំពេញ 2BH4575 បុករះផ្ទះពលរដ្ឋ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាខ្លាំង បើករថយន្តបុករះចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាតសម្ភារៈយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២០១១ ជិតផ្លូវរថភ្លើងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ផ្ទះដែលរងគ្រោះឈ្មោះ គឹម ហូ អ៊ុតសក់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយដាច់ទ្វារចំនួនបួនផ្ទាំង និងអីវែឥវ៉ាន់ជាច្រើននឹងម៉ូតូមួយគ្រឿងទៀត។

រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH4575 បើកបរក្នុងទិសដៅពីលិចទៅកើត ហើយបួងចង្កូតបត់មិនទាន់ ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋតែម្ដង ។ ចំណែកម៉ូតូរងគ្រោះទី១ម៉ាក CPX ពណ៌ស លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1IH-2319 កំពុងតែចតឈប់នៅមុខផ្ទះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ រីឯមម៉ូតូ១គ្រឿងទៀត ម៉ាកគប់ រងការខូចខាតបន្តិចបន្តួច។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក កាមរីបាឡែនខាងលើ បើកបរក្នុងទិសដៅពីលិចទៅកើត តាមផ្លូវលំអមផ្លូវរថភ្លើង ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹងស្រា ហើយបានជ្រុលចង្កូតទៅបុករះ ចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលមានឈ្មោះ គឹម ហូអ៊ុតសក់ ព្រមទាំងបុកម៉ូតូចំនួនពីរគ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវមុខផ្ទះ បណ្ដាលឲ្យរងការខូចខាតជាសម្ភារៈច្រើនក្នុងនោះ មានដូចជាទ្វារចំនួនបួនផ្ទាំង និងម៉ូតូម៉ាកគប់មួយគ្រឿងម៉ាក CPX ពណ៌សលាយក្រហមមួយគ្រឿងទៀត រងការខូចខាតយ៉ាងធ្ងន់ដោយខ្ទេចមួយកំណាត់មុខ ខណៈពេលភ្លាមៗនោះ ប្រជាពលរដ្ឋបានឃាត់ខ្លួនតៃកុងរថយន្តបង្កមិនឲ្យទៅណា ហើយបានទាក់ទងប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី១ភ្លាមៗ បន្ទាប់មកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានចុះទៅដល់ហើយបានធ្វើចរាចរណ៍ ដើម្បីកុំឲ្យមានកាកកស្ទះចរាចរណ៍ហើយបានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកក៏មានតំណាងភាគី ខាងរថយន្តបង្កចេញមុខមកសម្របសម្រួលគ្នា ។ ចំណែកតំណាងរថយន្តបង្កដែលត្រូវជាប្រពន្ធ បានបញ្ជាក់ប្រាប់ថា គាត់មិនមានលុយសងថ្លៃខូចខាតឡើយ ដោយខូចខាតសម្ភារៈច្រើនពេក ទាល់តែលក់រថយន្តសងទើបគ្រប់ ។

ក្រោយពេលកើតហេតុ ដោយភាគីតំណាងខាងម្ចាស់រថយន្តបង្កសុំសម្របសម្រួលគ្នាដោយជួយចេញថ្លៃជួសជុលសម្ភារៈ ព្រមទាំងម៉ូតូពីរគ្រឿងបញ្ចប់នៅកន្លែងកើតហេតុភ្លាមៗផងដែរ ដោយរង់ចាំលក់រថយន្តសងថ្លៃខូចខាត៕

មតិយោបល់