ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យក្មេងប្រុសជំទង់ម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កំពង់ស្ពឺ: នៅថៃ្ងច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ៥និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ភូមិព្រៃស្លឹក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កឡើងរវាងរថយន្ដទូរដឹកទឹកកក និងរថយន្ដដឹក ទំនិញប្រភេទសណ្ដោង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ តាមរបាយការណ៍ បឋមរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងច្បារមនថា បណ្ដាល ឱ្យបាត់បង់អាយុជីវិតមនុស្សម្នាក់នៅកន្លែង កើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍គឺរថយន្ដ ទាំងពីរបើក ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

តាមការបញ្ជាក់ពីនគរបាលចរាចរណ៍ រថយន្តម៉ាកកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 3C7387 បើកពីកើតទៅលិច អ្នកបើកបរមានឈ្មោះ ម៉ូយ លីដែន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែករថយន្តសណ្ដោងសឺមី រ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3D5043 សឺមី ស្លាកលេខ ព្រះសីហនុ 4A-5020 អ្នកបើកបរបានចុះរត់គេចខ្លួន។

បច្ចុប្បន្នមធ្យោបាយ វត្ថុតាងទាំងពីរត្រូវបាននគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ យកមករក្សាទុកដើម្បីដោះស្រាយតាមនិតីវិធី៕

មតិយោបល់