ភ្នំពេញៈ ស្ត្រីជាអ្នកលក់ផ្កានៅម្តុំផ្សារធំថ្មីម្នាក់ ខណៈជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ត្រូវរថយន្តបែនដឹកខ្សាច់ បើកបុកកិនពីក្រោយ បណ្តាលឲ្យចូលក្រោមរថយន្តស្លាប់ យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះអែម ឡៃ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ផ្កា ស្នាក់ភូមិរបោះអង្កាញ់ ផ្លូវលំសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិះម៉ូតូគុបមូល ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខអក្សរ (ទ០988 កណ1) ជាមធ្យោបាយធ្វើដំណើរ ។ ដោយឡែកអ្នកបើកបររថយន្តជាប្រភេទបែនដឹកខ្សាច់ម៉ាក់ DONGFING ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F0210 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ គឺបានជិះម៉ូតូគុបមូល ពណ៌ទឹកប៊ិច ចេញពីលក់ផ្កានៅម្តុំផ្សារធំថ្មី ហើយគោលបំណងត្រឡប់ទៅផ្ទះវិញ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយបានធ្វើដំណើរតាមកាត់តាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជិតច្រមុះជ្រូកក្បាល់ថ្នល់ក៏បានបត់ឆ្វេងត្រឡប់ក្រោយ គោលបំណងឡើងទៅស្ពានមុនីវង្សថ្មីតែពេលនោះ ម៉ូតូរបស់គាត់បានបត់កាត់ពីមុខរថយន្ត ទើបធ្វើឲ្យរថយន្តបែនដឹកដី ដែលបើកដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នាមើលមិនឃើញទើប បណ្ដាលឲ្យបុកកិនទាំងម៉ូតូនិងមនុស្ស ចូលក្រោមកង់រថយន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្រោមរថយន្តយ៉ាងអាណោចអធ័ម។
ដោយឡែកខាងរថយន្តវិញ ភ្លាមៗនោះដែរ អ្នកបើកបរបានចុះពីលើរថយន្តរួចរត់គេចខ្លួនទៅដល់ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ក៏ត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយដេញឃាត់បានមកវិញ រួចប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរ នៅអធិការនគរបាលខណ្ឌចំការមនភ្លាមៗផងដែរ ។
ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមកឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យកន្លែងកើតហេតុ ក៏ដូចជាជំនាញចរាចរណ៍ក្រុងភ្នំពេញ រួចក៏បានទំនាក់ទំនងស្វែងរកសាច់ញាតិរបស់ជនរងគ្រោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងភ្នំពេញ ចុះទៅធ្វើលិខិតប្រគល់សពឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះជនរងគ្រោះសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ចំណែកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបរបង្ក ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់ការតាមនីតិវិធី៕
មតិយោបល់