ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ចុះរាវខ្ចៅក្នុងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

កណ្តាល: ថ្ងៃច័ន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ជិកា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី មានករណីក្មេងស្រីម្នាក់ចុះរាវខ្ចៅនៅក្នុងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល ។

សពជនរងគ្រោះឈ្មោះ រ៉េត មករា (ហៅខ្វិន ) ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរសន្សំស្ពៃ មានទីលំនៅភូមិ-ឃុំកើតហេតុ។

សភាពរឿងហេតុ៖ យោងតាមលិខិតសំណូមពររបស់ឈ្មោះ មិន សាវឿន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួល មានទីលំនៅភូមិ-ឃុំកើតហេតុ ត្រូវ ជាម្តាយបង្កើតក្មេងស្រីរងគ្រោះបញ្ជាក់ថា កូនស្រីរបស់គាត់ ពិតជាលង់ទឹកប្រាកដមែន ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧ជាង ជនរងគ្រោះបានទៅសន្សំស្ពៃ និង រាវខ្ចៅ ជាមួយម្តាយនៅចណុចក្បែរ ស្រះទឹក ក្រោយភូមិស្ពានដែក ពេលម្តាយកំពុងអោនធ្វើស្មៅ ជនរងគ្រោះ ក៏បានចុះទៅរាវ ខ្ចៅ ក្នុងស្រះក្បែរនោះ ដោយពុំមានអ្នកណាដឹងឡើយ ។ លុះដល់ម៉ោងប្រហែល១០ជាងម្តាយបាត់កូនស្រី ក៏នាំគ្នាដើររកទើបបានដំណឹង ពីក្មេងឈ្មោះ ស្រីនុច ដែលរាវខ្ចៅជាមួយគ្នាប្រាប់ថា បងស្រី មករា (ហៅខ្វិន ) លិចទៅក្នុងទឹកបាត់ហើយ ។ គ្រាន់តែបានដំណឹងភ្លាម ម្តាយនិងអ្នកជិតខាង ក៏នាំគ្នាមុជរាវរកក្នុងស្រះក៏ជួបប្រទះជនរងគ្រោះ បានស្លាប់ក្នុងទឹកស្រះទៅហើយ ក៏បានស្រង់ក្មេងរងគ្រោះឡើងគោក។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព ប៉ុន្តែត្រូវម្តាយជនរងគ្រោះ សំណូមពរមិនឲ្យធ្វើការពិនិត្យលើសាកសពឡើយ នឹងបានសុំយកសពកូនមកផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់