ព័ត៌មានជាតិ

ល្បិចថ្មី! ជនសង្ស័យលួចកាច់សោកម៉ូតូ លើកដាក់ចូលក្នុងរថយន្តបម្រុងបើកចេញ ឃើញកម្លាំងសមត្ថកិច្ចភ្លាម រត់ចូលក្នុងព្រៃគេចខ្លួនបាត់

ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យម្នាក់រត់គេចខ្លួនចូលព្រៃបាត់ បន្ទាប់ពីឃើញសមត្ថកិច្ចនគរបាល ក្រោយពីជនសង្ស័យ លួចម៉ូតូដោយប្រើរូបភាព ដាក់ចូលក្នុងរថយន្តដឹកចេញ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។

លោកស្នងការបានបន្តថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលពីមានពីប្រជាពលរដ្ឋថា មានករណីអំពើចោរកម្ម (លួចកាច់បំបែកសោកម៉ូតូ) នៅចំណុចផ្លូវបេតុងចូលទៅភូមិថ្មី ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ឃើញជនសង្ស័យ កំពុងលើកម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ដាក់ចូលក្នុងរថយន្តបម្រុងបើកចេញ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចភ្លាម ជនសង្ស័យបានរត់ថ្មើរជើងចូលទៅក្នុងព្រៃគេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ទឹកប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-2624 ដែលជនសង្ស័យជិះធ្វើសកម្មភាព និងមានម៉ូតូ ០១គ្រឿង ដែលជនសង្ស័យលួចបាន ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1T-5150 នៅក្នុងរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព ។

លោកស្នងការបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យនៅក្នុងរថយន្ត រកឃើញកាបូបលុយរបស់ជនសង្ស័យ ហើយនៅក្នុងកាបូបនោះ មានអត្តសញ្ញាណប័ណ្ណរបស់ជនសង្ស័យ០១សន្លឹក លេខ០៨០៣៦០២១០ មានឈ្មោះ ជា ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើតៈ ០៦-១០-១៩៩២ អាសយដ្ឋានបច្ចុប្បន្នៈ ខណ្ឌដូនពេញ សង្កាត់ផ្សារថ្មីបី ទីក្រុងភ្នំពេញ ព្រមទាំងកាតធនាគារ ABA ០១សន្លឹក។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់