ភ្នំពេញៈ ក្មេងប្រុសអាយុប្រមាណ ១២ឆ្នាំម្នាក់ បាននាំគ្នាទៅលេងទឹក ហើយលង់លិចបាត់ក្នុងទន្លេ អស់ជាច្រើនម៉ោងហើយ ត្រូវក្រុមគ្រួសារជួលជនជាតិខ្មែរឥស្លាមក្នុងតម្លៃ ១ពាន់ដុល្លារមុជរាវរកឃើញ និងនាំគ្នាទ្រហោ យំយ៉ាងសោកសៅជាទីបំផុត ។
ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចច្រាំងទន្លេក្បាលជ្រោយចង្វារ មុខសណ្ឋាគារសុខា ក្នុង ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្មេងប្រុសរូបនោះឈ្មោះ ផល្លី តារារាជ ហៅ វិទូ អាយុ ១២ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាសាកួរ៉ា ក្បាលជ្រោយចង្វារ ស្នាក់នៅ ក្បែរកន្លែងកើតហេតុ ។
តាមព័ត៌មានឲ្យដឹងថា ក្មេងប្រុស បានលង់ទឹក លិចបាត់រកសពពុំឃើញតាំងពីវេលាម៉ោង១២ថ្ងៃត្រង់ ខណៈពេលដែល ក្មេងរូបនោះរួមជាមួយក្មេងប្រុសម្នាក់ទៀត លោតទឹកហែលលេង នៅក្បាលជ្រោយចង្វារ មុខព្រះបរមរាជវាំងក្បែរសណ្ឋាគាសុខា។
ប្រភពបន្តទៀតថា បន្ទាប់លិចបាត់ ក្មេងម្នាក់ ក៏បានទៅប្រាប់ក្រុមគ្រួសារ ហើយក៏បាននាំគ្នារាវរកអស់ជាច្រើនម៉ោងរកពុំឃើញ ព្រមទាំងជួលជនជាតិខ្មែរឥស្លាមមុជរាវរកក្នុងតម្លៃ ១ពាន់ដុល្លារ ទើបរាវរកឃើញ នៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។ បន្ទាប់ពីប្រទះ សពកូន ឪពុក និងម្តាយក៏យំស្រែក និងអាល័យកូនដែលបានស្លាប់ទាំងវ័យក្មេងបែបនេះ។
សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃនៅឈាបនដ្ឋាន វត្តប្រជុំសារគរ ៕





មតិយោបល់