ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ បើករថយន្តឆ្លងផ្លូវ ត្រូវម៉ូតូកង់បីបុក បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ភ្នំពេញៈ នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នារីស្រស់ស្អាតម្នាក់ បើករថយន្តម៉ាក តូយ៉ូតាព្រូស ១គ្រឿង បានធ្វើដំណើរបើកឆ្លងផ្លូវ ដោយការធ្វេសប្រហែស ត្រូវម៉ូតូកង់បីបើកបុក បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BC-8841 បើកបរដោយនារីមានរូបសម្រស់ស្រស់ស្អាតម្នាក់ តាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅ ពីជើងទៅត្បូង ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ មានម៉ូតូកង់បីឥណ្ឌា១គ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GZ-3865 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត បុករថយន្តខាងលើ បណ្តាលឲ្យខាងភាគីម៉ូតូរងរបួសធ្ងន់ ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់