ព័ត៌មានជាតិ

តូយ៉ូតាព្រូស ផ្លាកលេខភ្នំពេញ 2BI-5520 បើកគេចម៉ូតូជ្រុលបុករបាំងដែកនិងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: រថយន្តតូយ៉ូតាព្រូសមួយគ្រឿង បើកបរគេចម៉ូតូមួយគ្រឿងទៀត ជ្រុលចង្កូតទៅបុករបាំងដែកចិញ្ចើមផ្លូវ បុកខឿនពុះចែកទ្រូងផ្លូវបន្ថែមទៀត រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តតូយ៉ូតាព្រូសខាងលើ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BI-5520 បើកបរក្នុងទិសដៅពីលិចទៅកើត។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តតូយ៉ូតាព្រូសខាងលើ បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ហើយបានវាក់អឺនឹងម៉ូតូមួយគ្រឿង ដែលបើកតិចៗ ហើយស្រាប់តែបួងចង្កូតទៅផ្នែកខាងស្តាំ ហើយបានបុករបាំងដែកចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់មករថយន្តបានខ្ទាតទៅបុករបាំងពុះចែកទ្រូងផ្លូវបន្ថែមទៀតនឹងបណ្តាលឲ្យ រងការខូចខាតរថយន្តយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបែកធុងប្រេងខ្មៅហូរពេញផ្លូវ ​។ ប្រភពព័ត៌មានបានបន្តទៀតថា ខណ:ពេលភ្លាមៗនោះដែរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានយកដីខ្សាច់មកបាច កុំឲ្យបងប្អូនប្រជាពលរដ្ឋ ជិះកាត់ខ្លាចរអិលនឹងគ្រោះថ្នាក់ បន្តទៀតផងដែរ។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានជំនាញចរាចរណ៍រាជធានីភ្នំពេញ ស្ទូចរថយន្តបង្កយកទៅរក្សាទុក រង់ចាំការដោះស្រាយថ្ងៃក្រោយ៕

មតិយោបល់