កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទីមានករណីហិង្សាដោយចេតនាចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ២នាក់៖១-ឈ្មោះ រ៉ាន់ សុរ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរព្រូឡានដឹកដី(រងរបួសបាក់ភ្លៅឆ្វេង និងរលាត់ជង្គង់ កដៃ ទ្រូង ចង្ការ និងក)។
២-ឈ្មោះ ឆៃណា សុជាតា ភេទស្រី អាយុ១៦ឆ្នាំ ទីលំនៅភូព្រែកតាឡុង៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (រងរបួសស្នាមថ្គាមខាងឆ្វេង និងភ្នែកគោលទាំងសងខាង)។
ជនសង្ស័យ៣នាក់៖១-ឈ្មោះ ផាត់ សុវណ្ណថេត ភេទប្រុស អាយុ១៥ឆ្នាំទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតបាកដ រងរបួសរលាត់ប្រអប់ជើង ជង្គង់ និងដៃខាងឆ្វេង(ឃាត់ខ្លួន)។
២-ឈ្មោះ មី ភេទប្រុស អាយុ១៦ឆ្នាំទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតបា្រកដ(គេចខ្លួន)។ ៣-ឈ្មោះ មករា ភេទប្រុស អាយុ១៦ឆ្នាំទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះទាំងពីរនាក់ ដែលជាគូដណ្កឹងនិងគ្នា កំពុងតែឌុបគ្នាចេញពីផ្ទះម្តាយមីងរបស់ខ្លួន ពេលនោះ ស្រាប់តែជនសង្ស័យឈ្មោះ មី ដែលជាអតីតសង្សាររបស់ជនរងគ្រោះឈ្មោះ ឆៃណា សុជាតា បានតេទូរស័ព្ទប្រាប់អោយទៅយកទូរស័ព្ទនៅមុខសាលាស្ទឹងជ្រៅ តែពេលទៅដល់ទីនោះឈ្មោះ មី បានតេអោយមកម្តុំគល់ស្ពានព្រែកឫស្សីវិញ ពេលនោះជនរងគ្រោះទាំងពីរនាក់ក៏បានជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញក្រុមជនសង្ស័យទាំងបីនាក់ខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកសង់ប៊ិច ពណ៌ខ្មៅ បានជិះតាមមកពីក្រោយដោយជនសង្ស័យឈ្មោះ ផាត់ សុវណ្ណថេត ជាអ្នកបើកម៉ូតូ ឈ្មោះ មី អង្គុយកណ្តាល ឯឈ្មោះ មករា
អង្គុយខាងក្រោយ ពេលជិះមកដល់ទន្ទឹម និងជនរងគ្រោះ ស្រាប់តែឈ្មោះ មី ដែលអង្គុយកណ្តាល បានធាក់ម៉ូតូជនរងគ្រោះដួលផ្ទប់ទៅនឹងរបងផ្ទះ បណ្តាលអោយរងរបួសស្នាម រីឯម៉ូតូជនសង្ស័យក៏បានដួលរងរបួសស្នាមដែរ ភ្លាមនោះ ជនសង្ស័យឈ្មោះមី និងឈ្មោះមករាបានលើកម៉ូតូជិះគេខ្លួនបាត់ទៅ ចំណែកជនសង្ស័យឈ្មោះ ផាត់ សវណ្ណថេត ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកឫស្សី ធ្វើការឃាត់ខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕




មតិយោបល់