ព័ត៌មានជាតិ

ប្អូនប្រុសវាយបងបង្កើតដេកពេទ្យ ត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួន នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហឹង្សាវាយបងបង្កើតឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ម៉ោង៣ និង២៣នាទី ពីបទប្រើហឹង្សាដោយចេតនាបង្កឲ្យមានរបួសស្នាម នៅចំណុចភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ករណីនេះកើតឡើងនៅវេលាម៉ោង២ និង៤៥នាទី បង្កដោយជនសង្ស័យឈ្មោះ មាន រើន ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិឃុំខាងលើ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យត្រូវជាបងប្អូននឹងគ្នា បាន ឈ្លោះប្រកែកតឹងមាត់ដាក់គ្នា រហូតដល់ទៅធ្វើឲ្យជនសង្ស័យជាប្អូនទ្រាំលែងបានឈានទៅ វាយបងបង្កើតជាច្រើនដៃបណ្ដាលឱ្យរងរបួសធ្ងន់ហើមគុម្ពត្រចៀកខាងស្ដាំ ។

លោកវរសេនីយ៍ទោ ហែម មុនី អធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងដែរថា ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះមាន ផល ភេទប្រុសអាយុ ៣៨ ឆ្នាំត្រូវជាបងបង្កើតរបស់ជនសង្ស័យ រស់នៅភូមិឃុំជាមួយគ្នាមានឪពុកឈ្មោះហឹង អាយុ ៥៨ ឆ្នាំ ម្ដាយឈ្មោះតុង យ៉មអាយុ ៥៧ឆ្នាំ ។ រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសម្រាកព្យាបាលរបួសនៅពេទ្យឯកជនមួយនៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ។ លោកអធិការនគរបាលស្រុកបានបន្តថា ចំពោះជនសង្ស័យសមត្ថកិច្ចនគរបាលមូលដ្ឋានបាននាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីសួរនាំហើយបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលស្រុកតាលោសែនជ័យដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

មតិយោបល់