បន្ទាយមានជ័យៈ ករណីគ្រោះចរាចរណ៍មួយបានកើតឡើងដោយសារការបណ្ដែតបណ្ដោយក្មេងបើកបរម៉ូតូនៅលើដងផ្លូវ បណ្ដាលអោយរងរបួសធ្ងន់ស្រាលចំនួន៤នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៣ និង៣៥នាទីរសៀល ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ ៧មករា ក្បែរមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិ ខ្លាកូនចាស់ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
រវាងម៉ូតូម៉ាក ស្កុបពី សេ១២៥ ស៊េរីឆ្នាំ២០១៥ ប៉ះជាមួយ ម៉ូតូម៉ាក ហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ1M-6389។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹង មុនពេលកើតហេតុគេឃើញម៉ូតូម៉ាក ស្កុបពី បើកបរគ្នា២នាក់ ដោយក្មេងប្រុសម្នាក់មិនទាន់គ្រប់អាយុជាអ្នកបើក ទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូ ហុងដា ស៊េរី ឆ្នាំ២០១៥ ជិះគ្នា២នាក់ ចេញពីផ្លូវលំ ឆ្លងផ្លូវមិនបានប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូ ស្កុបពី បុកពេញទ៊ំហឹង បណ្ដាលអោយភាគីទាំងសងខាង រងរបួសធ្ងន់ស្រាលទាំង៤ នាក់។
ក្រោយពីកើតហេតុសមត្ថកិច្ចនគបាល បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែកឯម៉ូតូទាំង២គ្រឿងសមត្ថកិច្ចបានយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់