ព័ត៌មានជាតិ

ខ្មែរឥស្លាមម្នាក់ ជាជាងផ្សារដែក ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូជាងពិដាន

សៀមរាប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ នគរបាលក្រុងសៀមរាបបានបញ្ជាក់ប្រាប់ឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ) កាលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅត្រង់ចំណុច មុខការដ្ឋានសំណង់ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

មន្ត្រីនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សារ សារី ហៅតារា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ជាងផ្សារដែក មានស្រុកកំណើត ភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះ ឈ្មោះ ភួត សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងពិដាន រស់នៅ ភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពដដែលបានបន្តថា នៅថ្ងៃកើតហេតុជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូចំនួន០១គ្រឿងរបស់ជនរងគ្រោះ គឺម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០​ ពាក់ផ្លាកលេខ សៀមរាប​ 1AH-3681 លេខតួនិងលេខម៉ាស៊ីន 8171558, ដែលជនរងគ្រោះបានចតទុក នៅមុខការដ្ឋានហើយចូលទៅធ្វើការ នៅខាងក្នុងដោយមិនបានចាក់សោក ឬបិទសន្ទះសោសុវត្ថិភាពនោះទេ ហើយត្រូវបានជនសង្ស័យ លួចយកទៅបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ ក្រោយពីទទួលពាក្យបណ្ដឹងហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន ។ លុះមកដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៤ និង០០នាទី ជនសង្ស័យឈ្មោះ សារ សារី បានជិះម៉ូតូមួយគ្រឿងខាងលើ មកជួបឈ្មោះ អ៊ី សុផាន់ ភេទប្រុស អាយុ៤០ឆ្នាំ ដែលជាមេជាងរបស់គេដើម្បីសុំការងារធ្វើ ពេលនោះឈ្មោះ អ៊ី សុផាន់ បានធ្វើការនាំខ្លួន ជនសង្ស័យឈ្មោះ​ សារ​ សារី ពីកន្លែងធ្វើការរបស់គាត់ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប យកមកប្រគល់ជូនសមត្ថកិច្ច យកមកធ្វើការសួរនាំ​ ។

ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយបានយក ម៉ូតូខាងលើ ទៅដោះផ្លាកលេខចេញ នឹងយកទៅឱ្យ ជាង នៅម្ដុំផ្សារញ៉ែ អ៊ុតស្គុត ពណ៌ខៀវពីលើ ដើម្បីបន្លំភ្នែក អ្នកដទៃកុំឱ្យគេមើលស្គាល់ថាជាម៉ូតូដែលរូបគេបានធ្វើសកម្មភាពលួចបាន ។

វត្ថុតាងរួមមានផ្លាកលេខម៉ូតូចំនួន ០១សន្លឹក និងសម្ភារ:វត្ថុតាង ចំនួនទៀតរួមមាន កូន សោសម្រាប់ចាក់ម៉ូតូចំនួន០៣គ្រាប់, ផ្លែទុលវីស ចំនួនពីរគ្រាប់ ,ទុលល្វីសមានដង ចំនួន ១,កូនសោប្រភេទសោតាន់ ចំនួនមួយឈុត ,ប្រដាប់កឹបស័ង្កសីចំនួន០២ ,ម៉ូទ័រស្វាន ប្រើថ្មចំនួន០១គ្រឿង,មួកការពារសុវត្ថិភាព ក្រុមហ៊ុនស្រាបៀរហ្គេនស្បឺត និងដកហូត ម៉ូតូ របស់ជនរងគ្រោះ ដែលបានបាត់បង់មួយគ្រឿងខាងលើ បានមកវិញ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់