សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានចុះបង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែង និងដកហូតម៉ូតូមិនមានលិខិតសម្គាល់មិនប្រក្រតី បានចំនួន២០គ្រឿង។ ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទឹកវិល និងសង្កាត់គោកចក ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅការបង្ក្រាបនេះដែរ គឺដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត។
លោកបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហករជាមួយ អធិការនគរបាលក្រុង សៀមរាប និងប៉ុស្តិ៍នគរបាល សង្កាត់ទឹកវិលនិង ប៉ុស្តិ៍នគរបាល សង្កាត់គោកចក ចុះរដ្ឋបាលពិនិត្យទីតាំង ទទួលបញ្ចាំ(ម៉ូតូ)ក្នុង សង្កាត់ទឹកវិល ចំនួនបីទីតាំង ដែលគ្មានច្បាប់ និង អាជ្ញាប័ណ្ណ ( ទទួលបញ្ចាំ )។
លោកបន្ថែមថា ទីតាំង ទីមួយ មាន ម្ចាស់ ឈ្មោះ ទែន សុភិន ភេទស្រី អាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះ ដួង ហេង អាយុ៤៨ឆ្នាំ ស្ថិតនៅភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។ ដកហូតម៉ូតូបានចំនួន ០៧គ្រឿង ខុសប្រក្រតី។ ទីតាំងទី២ម្ចាស់ ឈ្មោះ ស៊ីម ប៊ុនណាត ភេទស្រី អាយុ៤៨ឆ្នាំ មានទីតាំងនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ដកហូតម៉ូតូ ខុសប្រក្រតី ចំនួន ០៣គ្រឿង។ ទីតាំងទី០៣មានម្ចាស់ ឈ្មោះ ស៊ឹង នួម ភេទស្រី អាយុ៥១ឆ្នាំ មាននៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ ដកហូតម៉ូតូ ខុសប្រក្រតី ចំនួន១០គ្រឿង។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបាត់ម៉ូតូ សូមអញ្ជើញទៅពិនិត្យមើលនៅអធិការនគរបាលក្រុងសៀមរាប ដោយភ្ជាប់ជាមួយឯកសារឲ្យបានត្រឹមត្រូវ។ ជុំវិញករណីនេះដែរ មហាជនបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចខេត្តសៀមរាប បានចុះពិនិត្យទីតាំងទទួលបញ្ចាំដែលមានភាពមិនប្រក្រតីនៅក្នុងក្រុងសៀមរាប ដើម្បីបង្ការទប់ស្កាត់ករណីហានិភ័យផ្សេងៗ ៕
មតិយោបល់