កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ ខណៈកំពុងបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកកក ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកកៀរ បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកបង្គោលចំណាំងផ្លាតក្បែរចិញ្ចើមផ្លូវ ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៣នឹង៣០នាទី នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ សុខ កន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូសណ្ដោងរ៉ឺម៉កម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកភាគីរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើករត់គេចខ្លួនបាត់ស្រមោល)។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ សាក្សីបានឃើញជនរងគ្រោះឈ្មោះ សុខ កន ភេទប្រុស អាយុ ៣៣ឆ្នាំ បានបើកម៉ូតូសណ្ដោងរ៉ឺម៉កម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើដំណើរចេញពីផ្ទះទៅដឹកទឹកកកនៅផ្សារព្រែកអំបិល ក្នុងទិសដៅពីជើងទៅត្បូង(កោះខែល-ព្រែកអំបិល) លុះបើកបានប្រហែលមួយគីឡូម៉ែត្រពីផ្ទះមកដល់ត្រង់ចំណុចផ្លូវកោង អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កក៏ត្រូវបានរថយន្តកៀរបណ្ដាលអោយរេចង្កូតធ្លាក់ចិញ្ចើមផ្លូវខាងឆ្វេងដៃជ្រុលទៅបុកបង្គោលថ្ម(សញ្ញាចំណាំងផ្លូវកោង)រួចទាញចង្កូតចូលទៅបុកកាំជណ្តើរផ្ទះរបស់ឈ្មោះ ជ ហ៊ង បណ្ដាលអោយស្លាប់បាត់បង់ជីវិតតែម្ដង។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល ចុះពិនិត្យសាកសព និងវាស់វែងទីកន្លែងកើតហេតុរួចកសាងឯកសារដើម្បីស្រាវជ្រាវរករថយន្តមកចាត់ការតាមច្បាប់។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់