កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំបុករថយន្តធុនធំបណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ចំណែកភាគីម្ខាងទៀតដាក់មេប៉្រូចបាត់។ ឧបទ្ទវហេតុបានកើតឡើងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤និង២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគ.ម៨៧-៨៨ ត្រង់ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ប្រភពពីនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-5731 សឺមីសណ្តោងរ៉ឺម៉ក លេខ ភ្នំពេញ4A-6287 អ្នកបើកបរឈ្មោះ ថាំ ថេត ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកណ្តាលលំពង់ ស្រុកបាទី ខេត្តតាកែវ បើកបរទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើបានរេចង្កូតទៅខាងឆ្វេងដៃបានបុករថយន្តមួយគ្រឿងទៀតម៉ាកស្កាណែ(SCANIA) ពាក់ស្លាកលេខ ភ្នំពេញ 3E-9098 សឺម៉ីសណ្តោងរ៉ឺម៉កលេខ ភ្នំពេញ 4A-6877 អ្នកបើកបរឈ្មោះ ថន សារឿត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិខ្វិត ឃុំខ្វិត ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយរងរបួសធ្ងន់។
ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យ ខូចខាតរថយន្ត២គ្រឿងធ្ងន់ធ្ងរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែង យករថយន្តមករក្សាទុកដើម្បីដោះស្រាយតាមនីវិធី ៕


មតិយោបល់