ព័ត៌មានជាតិ

អំបិលគ្មានអ៊ីយ៉ូតនិងទំនិញហួសកាលបរិច្ឆេទដែលធ្លាប់បានដកហូតកន្លងមក សរុបចំនួន ៣១.៥០ គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ រកឃើញ និងដុតកម្ទេចចោល

តាកែវ: យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCFបានឲ្យដឹងថានៅថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅស្ថិតនៅទីផ្សារល្វេ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូ ០៩គំរូ មានដូចជា៖ ខ្ញីហាន់ សណ្តែកបណ្តុះ ពពុះសណ្តែក ស្បែកជ្រូកបំពង យីហ៊ឺក្រៀម ក្បាលត្រីប្រា ប្រហុក និងត្រីងៀតដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើតេស្តរកកំហាប់អ៊ីយ៉ូតក្នុងអំបិលផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញអំបិលគ្មានអ៊ីយ៉ូតចំនួន ១០គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតអនុវត្តតាមនីតិវិធីបន្ត និងបានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។

ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការចូលរួមពីអាជ្ញាធរដែនដី បានធ្វើការដុតកម្ទេចចោលនូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៣១.៥០ គីឡូក្រាម។

សូមជម្រាបផងដែរថា ទំនិញចម្រុះទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារនានា នៅក្នុងខេត្តតាកែវ ក្នុងរយ:ពេលកន្លងមក៕

 

មតិយោបល់