ព័ត៌មានជាតិ

ស្ត្រីម្នាក់បើកម៉ូតូទៅបុករនាំងដែកផ្លូវកោង ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូទៅបុករនាំងដែកផ្លូវកោង បណ្តាលឲ្យរង របួសធ្ងន់ ក្រោយមកបានស្លាប់ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៨និង៥០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ២៥៦៣ ចំណុចរនាំងដែកផ្លូវកោង ស្ថិតក្នុងភូមិថ្មឆ័ត្រ ឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ ។

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សូ ចាន់ធូ ស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិក្តិបថ្ម ឃុំគោករមៀត បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1N.37 68 ។

ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានបើកម៉ូតូម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿន លឿនដោយខ្វះការប្រុងប្រយ័ត្ន ពេលដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងបានជ្រុលម៉ូតូទៅបុកនឹងរនាំងដែក បណ្តាល ឲ្យស្ត្រីរងគ្រោះផ្លោងបុកក្បាលទៅនឹងរនាំងដែករួចធ្លាក់ពីលើថ្នល់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកស្រុកថ្មពួកហើយក៏បានស្លាប់។

សពជនរងគ្រោះនិងម៉ូតូបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់