ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយដំណឹង ហេង ស៊ីម៉ន និង ប៉ែន ចំរ៉ុង កុងគ្នារឿងដណ្ដើមស្រី

ភ្នំពេញៈ ក្រោយពីមានការបញ្ចេញទិន្នន័យបញ្ជាក់ថាលោកប៉ែន ចំរ៉ុង និងសង្សារចាស់គឺនារីនៅអាមេរិកបានត្រលប់មកល្អូកល្អិនគ្នាវិញ ក្រោយលោកលែងលះជាមួយភិន សុដាលីស បានធ្វើឲ្យមានការលើកឡើងជាច្រើនថាទំនាក់ទំនងត្រូវគ្នារបស់តារារូបនេះ បានក្លាយជារឿងជម្លោះផ្លូវចិត្តជាមួយតារាសម្ដែងលោកហេង ស៊ីម៉ន ដោយសារតែក្នុងពេល ប៉ែន ចំរ៉ុង នៅជាប្ដីនឹងភិន សុដាលីស អ្នកណាក៏ល្បីថានារីអាមេរិកនោះបានងាកទៅជ្រើសយកលោកហេង ស៊ីម៉ន ដោយបានទាំងបណ្ដើរគ្នាទៅក្រៅប្រទេសសាងស្នេហ៍នោះផង។ ប្រភពជាច្រើនបានអះអាងថា ប៉ែន ចំរ៉ុង និង ហេង ស៊ីម៉ន បានប្រែក្លាយពីមិត្តភាពទៅជាសត្រូវតាំងពីហេង ស៊ីមន ដណ្ដើមបានសង្សារចាស់របស់ប៉ែន ចំរ៉ុង និងទំនាស់មើលមុខគ្នាមិនចំកាន់តែឡើងកំដៅថែមទៀត ក្រោយពេលនារីនៅអាមេរិកនោះ ងាកទៅរកប៉ែន ចំរ៉ុងវិញ។

ការលើកឡើងពាក់ព័ន្ធនឹងរឿង ហេង ស៊ីម៉ន ក្លាយជាអ្នកមើលមុខមិនចំជាមួយលោកប៉ែន ចំរ៉ុង នេះត្រូវបានគេអះអាងថាបានកើតមានឡើងតាំងពីអំឡុងដែលហេង ស៊ីម៉ន បានក្លាយជាអ្នកជួសជុលបេះដូងឲ្យនារីឈ្មោះផល្លា ថាច់ ជានារីខ្មែរកម្ពុជាក្រោមសញ្ជាតិអាមេរិកនោះម្ល៉េះ បន្ទាប់ពីនារីនោះខឹងចិត្តរឿងប៉ែន ចំរ៉ុង បែកចិត្ត។ ក្នុងពេលនារីនោះចុះមកលេងនៅស្រុកខ្មែរ គេឃើញលោកហេង ស៊ីម៉ន បានក្លាយជាអង្គរក្សតែម្នាក់ដែលជូននាងដើរកម្សាន្ត ដោយរួមទាំងធ្វើដំណើរទៅកម្សាន្តទៅលេងនៅប្រទេសម៉ាឡេស៊ីជាមួយគ្នានោះផង។ ប៉ែន ចំរ៉ុង ត្រូវគេទម្លាយថាអន់ចិត្តនឹងហេង ស៊ីម៉ន តាំងពីពេលនោះមក ខណៈដែលក្រោយពីដឹងថា ប៉ែន ចំរ៉ុង មានជម្លោះជាមួយភិន សុដាលីស នារីឈ្មោះផល្លា ថាច់ នោះក៏បានងាកមករកលោកចំរ៉ុងវិញ ធ្វើឲ្យទំនាក់ទំនងរវាងនាង និងលោក ហេង ស៊ីម៉ន ឈានដល់ទីបញ្ចប់។ ដំណឹងចុងក្រោយបានអះអាងថា ហេង ស៊ីម៉ន និងប៉ែន ចំរ៉ុង មិនដែលប្រឈមមុខដាក់គ្នាទេ តាំងពីមានរឿងភ្ជាប់ខ្លួនជាមួយនារីតែម្នាក់ជាមួយគ្នានោះមក។ យ៉ាងណាមិញ ដំណឹងនេះភាគីម្ខាងច្រានចោល ខណៈដែលប៉ែន ចំរ៉ុង នៅតែប្រកាន់ជំហរមិនសម្ភាសន៍។

លោកហេង ស៊ីម៉ន និយាយថាលោកទទួលស្គាល់ថារវាងលោក និងនារីអាមេរិកឈ្មោះផល្លា ថាច់ ពិតជាលែងល្អដូចមុន ប៉ុន្តែលោកថាក្នុងពេលល្អួកល្អិនលោកគ្រាន់តែរាប់អាននាងក្នុងនាមមិត្តភ័ក្រ្តស្គាល់គ្នាប៉ុណ្ណោះ គឺមិនមានទំនាក់ទំនងស្នេហាអ្វីឡើយ។ យ៉ាងណាមិញ លោកទទួលស្គាល់ថារវាង លោក និងនារីឈ្មោះផល្លា ពិតជាមានតារាសិល្បៈភាគច្រើនយល់ថាដណ្ដើមសង្សារលោកប៉ែន ចំរ៉ុង ឬថាលោក និងនាងស្រឡាញ់គ្នាអីមែន ប៉ុន្តែការពិតគឺអត់មានទេ។ ងាកទៅកាន់ដំណឹងដែលអ្នកណាក៏ថាលោកមើលមុខមិនត្រង់ជាមួយលោកប៉ែន ចំរ៉ុង តារាសម្ដែងរូបនេះហាក់ស្ទាក់ស្ទើរលាតត្រដាង។ លោកគ្រាន់តែនិយាយថា «សម្រាប់ខ្ញុំ និងគាត់(ចំរ៉ុង)…ដូចជាអត់អីផង បើជួបគ្នាគឺនិយាយគ្នាធម្មតាតើ»។ លោកថាមិនភ្ញាក់ផ្អើលទេ ចំពោះដំណឹងដែលថានារីឈ្មោះផល្លារដែលក្នុងពេលនេះបានក្លាយជាមនុស្សដែលលោកមិនចង់រំលឹក មានទំនាក់ទំនងជាមួយលោក ប៉ែន ចំរ៉ុង នោះឡើយ ដោយលោកបញ្ជាក់យ៉ាងខ្លីថានោះជារឿងបុគ្គលរបស់ពួកគេទាំងពីរ៕

photo_2016-08-26_22-13-56photo_2016-08-26_22-13-51photo_2016-08-26_22-13-48photo_2016-08-26_22-13-44photo_2016-08-26_22-13-38photo_2016-08-26_22-13-31photo_2016-08-26_22-13-27photo_2016-08-26_22-13-23photo_2016-08-26_22-13-05photo_2016-08-26_22-13-01photo_2016-08-26_22-12-56photo_2016-08-26_22-12-52photo_2016-08-26_22-12-48photo_2016-08-26_22-12-43

មតិយោបល់