ព័ត៌មានជាតិ

បង្រ្កាបក្រុមក្មេងទំនើងចំនួន២នាក់ តែងធ្វើសកម្មភាព លួចគប់កញ្ចក់រថយន្តពេលយប់ នៅខេត្តកណ្តាល

កណ្ដាល: ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមគោរពជម្រាបជូន សាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើង ដែលតែងតែធ្វើសកម្មភាព លួចគប់កញ្ចក់រថយន្ត នៅពេលយប់ក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង នាពេលកន្លងមក កើតហេតុថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្តីនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ជនរងគ្រោះ០២នាក់៖ ១.ឈ្មោះ គីម សុគន្ធ ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរនគរបាល ។ ២.ឈ្មោះ សន ជីសី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកុកទិល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរបើករបររថយន្ត ។ ចំណែកជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនចំនួន០២នាក់៖ ១.ឈ្មោះ ខាន់ ភារ៉េត ហៅរ៉េត ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចារ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មុខរបរមិនពិតប្រាកដមានសារធាតុញៀន ក្នុងទឹកនោម (វិជ្ជមាន),២.ឈ្មោះ អាត ប្រុសពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចារ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មុខរបរមិនពិតលក់ដូរមានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន)។

វត្ថុតាងចាប់យករួមមាន៖១.ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្ដាល1AB-7687(បែកស្តុបផ្នែកខាងក្រោយ),២.ទូរស័ព្ទដៃចំនួន០៣គ្រឿង,ម៉ាក Samsung០១គ្រឿងពណ៌ស, ម៉ាកណូគាអិនចុចពិល០២គ្រឿង ពណ៌ស និង៣.ដុំថ្មចំនួន០៤ដុំ ។

សម្ភារ:ខូចខាតរថយន្តចំនួន០២គ្រឿង៖ ១.ម៉ាក FUSO សណ្តោងរ៉ឺម៉ក ពណ៌បៃតង ពាក់ផ្លាកលេខកណ្ដាល 3A-1879 បែកកញ្ចក់មុខ០១ផ្ទាំង កញ្ចក់ចំហៀងឆ្វេងស្តាំ០២ផ្ទាំង កញ្ចក់ក្រោយ០១ផ្ទាំង ។ ២.ម៉ាក Highlander ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 1V-3914 ។

អធិការនគរបាលស្រុកកណ្តាលស្ទឹង បានបន្តឱ្យដឹងថា នៅថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២០ មុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងខាងលើ បើកបរដោយឈ្មោះ អាត ប្រុសពេជ្រ និងឈ្មោះ ខាន់ ភារ៉េត អ្នកជិះពីក្រោយចេញពីរង្វង់មូលគួរស្រូវ មកផ្ទះរបស់ខ្លួនតាមបណ្ដោយផ្លូវជាតិលេខ២ ពេលមកដល់ចំណុចផ្លូវកែងផ្សារសៀមរាបចាស់ បទចូលផ្លូវលេខ20B បានឃើញរថយន្តម៉ាក FUSO សណ្តោងរ៉ឺម៉កពីក្រោយបទមកកៀរម៉ូតូរបស់ជនសង្ស័យ បណ្តាលឱ្យដួល និងបែកស្តុបផ្នែកខាងក្រោយពេលនោះ ជនសង្ស័យទាំងពីរនាក់ បានលើកម៉ូតូជិះដេញរថយន្តនោះពីក្រោយ និងស្រែកឱ្យគេជួយស្ទាក់ចាប់ ស្របពេលនោះលោក គីម សុគន្ធ អធិការរងនៃអធិការដ្ឋាននរគបាលស្រុកកណ្តាលស្ទឹង កំពុងដឹកនាំកម្លាំងល្បាត បានឮប្រជាការពារហៅតាមវិទ្យុទាក់ទង ពេលទទួលបានព័ត៌មានលោកអធិការរង គីម សុគន្ធ បានបើករថយន្តរបស់ខ្លួនមកកាក់ពីមុខរថយន្ត ដែលកំពុងបើករត់គេចនោះ ជាប់នៅចំណុចកើតហេតុភ្លាមនោះក្រុមជនសង្ស័យ បានឈប់ម៉ូតូពីក្រោយរួចចុះរើសដុំថ្មគប់ មកលើរថយន្តសណ្តោងរ៉ឺម៉កនោះ បណ្ដោយឱ្យបែកកញ្ចក់មុខ០១ផ្ទាំង កញ្ចក់ចំហៀងឆ្វេងស្តាំ០២ផ្ទ្ទាំង កញ្ចក់ខាងក្រោយ០១ផ្ទាំង និងត្រូវរថយន្តរបស់លោកអធិការរង គីម សុគន្ធ បណ្ដោយឱ្យបែកកញ្ចក់មុខមួយផ្ទាំងទៀត ភ្លាមនោះកម្លាំងសមត្ថកិច្ច នៃអធិការដ្នានបានឃាត់ខ្លួនជនសង្ស័យទាំង០២ រួមជាមួយវត្ថុតាង ពាក់ព័ន្ធបញ្ជូនមកកាន់អធិការដ្ឋានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។

អាស្រ័យហេតុនេះសូមសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន៕

មតិយោបល់