ភ្នំពេញៈ ប្រទះឃើញសពមនុស្សដែលមានតែមួយកំណាត់ខ្លួនចុះក្រោម និងផ្នែកខ្លះ គ្រោងឆ្អឹង អណ្តែតទឹកទន្លេសាប ចំណុចមុខលូបង្ហូរទឹករំដោះចេញពីទីក្រុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនភ្ញាក់ផ្អើល បងប្អូនប្រជានេសាទខ្មែរឥស្លាមរកត្រីនៅចំណុចខាងលើ ស្រាប់តែប្រទះឃើញ សពមនុស្សមានតែមួយកំណាត់ខ្លួន ហើយរលេះរលួយ មើលលែងដឹងថាប្រុសឬស្រីបាត់ទៅហើយ បានរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ អូសឡើងគោក ធ្វើកោសល្យវិច្ច័យ ។
បើតាមការសន្និដ្ឋានពីសមត្ថកិច្ចបឋមនៅកន្លែង សពជាមនុស្សប្រុសច្រើនជាង វ័យប្រហែលជាង១០ឆ្នាំ ស្លៀកខោកីឡា សល់តែមួយកំណាត់ក្រោម និងផ្នែកខ្លះនៃគ្រោងឆ្អឹងផ្នែកខាងលើ ។
ក្រោយពីប្រទះឃើញសពក្នុងសភាពបែបនេះ នៅអណ្តែតទឹកទន្លេសាប សមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ កោសល្យវិច្ច័យ។
សពត្រូវបានយកទៅតម្កល់ក្នុងវត្តចង្ក្រាន្តតាព្រហ្មស្ទឹងមានជ័យ៕





មតិយោបល់