ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ រកឃើញនៅផ្សារសាមគ្គី និងផ្សារអូរឬស្សី

ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក និងផ្សារអូរឬស្សី ក្នុងសង្កាត់អូរឬស្សី ២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន រួមមាន មី គុយទាវ លត បាញ់កាញ់ គ្រឿងសមុទ្រ និងពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

  • ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផល ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ សរុបចំនួន ២២.៥ គីឡូក្រាម ពីផ្សារសាមគ្គី និងផ្សារអូរឬស្សី។
    បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់