ព័ត៌មានជាតិ

មន្រ្តីជំនាញរកឃើញ ទឹកផ្លែឈើ ទឹកសៀង តៅហ៊ូកែវ មីកំប៉ុង ទឹកប៉េងប៉ោះ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

កំពត-កែប: អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារកែប និងផ្ទះលក់ទំនិញនានា ស្ថិតក្នុងក្រុងកែប ខេត្តកែប។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមរបស់ទំនិញ នៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើមួយចំនួន រួមមាន៖
-ទឹកក្រូចចម្រុះ ចំនួន ១៣ កេស ស្មើនឹង ១៤៩.៧៦ លីត្រ
-ទឹកផ្លែឈើ ចំនួន ៥៨ ដប ស្មើនឹង ៥៨ លីត្រ
-ប័រសណ្តែកដី ចំនួន ២៦ កែវ ស្មើនឹង ៩.១ គីឡូក្រាម
-អាហារសម្រន់ ចំនួន ១៥ ប្រអប់ ស្មើនឹង ៨.២៥ គីឡូក្រាម
-ទឹកសៀង ចំនួន ៨ ដប ស្មើនឹង ២.៦៨ គីឡូក្រាម
-តៅហ៊ូកែវ ចំនួន ៥ កែវ ស្មើនឹង ១.២៥ គីឡូក្រាម
-មីកំប៉ុង ចំនួន ៧កំប៉ុង ស្មើនឹង ០.៥៨១ គីឡូក្រាម
-សណ្តែកដីកំប៉ុង ចំនួន ៨ កំប៉ុង ស្មើនឹង ០.៨៨ គីឡូក្រាម
-នំចម្រុះ ចំនួន ២២១កញ្ចប់ ស្មើនឹង ៨ គីឡូក្រាម
-ទឹកប៉េងប៉ោះ ចំនួន ៤ដប និង ២កំប៉ុងធំ ស្មើនឹង ៦.៤៤ គីឡូក្រាម
សរុបទំនិញដកហូតបាន ចំនួន ២៤៤.៩៤១ គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់