ភ្នំពេញៈ រថយន្តដឹកសំបកកង់រថយន្តធុនធ្ងន់មួយគ្រឿង បានរ៉េចង្កូតឡើងខឿនសួនច្បារ ចែកទ្រូងផ្លូវ ហើយទាញចង្កូតក្រឡាប់ កៀររ៉ឺម៉កម៉ូតូមួយគ្រឿងធ្លាក់ផ្លូវ បណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន៩នាក់ ហើយសម្បកកង់បានខ្ទាតចេញពីក្នុងទ្រុង រមៀលធ្លាក់ក្នុងទឹកស្រះចិញ្ចឹមត្រី ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តដែលក្រឡាប់ ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-8190 បើកបរដោយឈ្មោះ ស៊ឹម សុភក្តិ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងរួមដំណើរជាមួយព្រូឈ្មោះ ចក់ សម្ភស្ស ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រឡឹង ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរបួសស្រាល ។
ចំណែករ៉ឺម៉កម៉ូតូ បើកបរដោយឈ្មោះ ទិ ទុំ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅ ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានរបួសស្រាល និងរួមដំណើរសុទ្ធតែកម្មករចំនួន៦នាក់ បានរងរបួសធ្ងន់ ។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តដឹកទំនិញធុនធ្ងន់ខាងលើ បានធ្វើដំណើរតាមផ្លូវលេខ ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ នៅពេលមកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអ្វីទេ ដែលគេសង្ស័យថា អ្នកបើកបរ ងោកក៏បានរ៉េចង្កូតទៅឆ្វេងដៃ ឡើងខឿនសួនច្បារចែកទ្រូងផ្លូវ ។ ភ្លាមៗអ្នកបើកបរ ក៏បានទាញចង្កូតមកស្តាំដៃវិញ បណ្តាលអោយក្រឡាប់ដេកស្តូក បង្កអោយអ្នកបើកបរ និងព្រូបានរងរបួសហើយ សម្បកកង់រថយន្ត ក៏បានខ្ទាតចេញរមៀលធ្លាក់ទឹក ។
តាមព័ត៌មានអោយដឹងទៀតថា នៅក្នុងហេតុការណ៍រថយន្តនោះ បានក្រឡាប់កៀររ៉ឺម៉កម៉ូតូមួយគ្រឿង ដែលធ្វើដំណើរ ស្របទិសគ្នា បណ្តាលអោយធ្លាក់ផ្លូវជាតិ បង្កអោយកម្មករសំណង់ចំនួន៧នាក់ រងរបួសធ្ងន់ស្រាល។
តាមនគរបាលអោយដឹងងថា គ្រោះថ្នាក់នេះ បណ្តាលអោយរថយន្ត និងរ៉ឺម៉កម៉ូតូ រងការខូចខាតធ្ងន់ ហើយមនុស្ស បានរងរបួសធ្ងន់ស្រាលចំនួន៩នាក់ ។ បន្ទាប់ពីកើតគ្រោះថ្នាក់ ក្រុមហ៊ុន ក៏បានហៅរថយន្តមកសេង សម្បកកង់រថយន្ត និងហៅរថយន្តមកស្ទួច បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ ចេញថ្លៃព្យាបាលនិងខូចខាត ៕
មតិយោបល់