ព័ត៌មានជាតិ

សំឡេងបងស្រីជីដូនមួយអង្គុយយំ ដុតធូបហៅប្អូនប្រុសឲ្យត្រឡប់ទៅផ្ទះវិញ ខណៈមេឃកំពុងរលឹមស្រិចៗ ករណីរថយន្ត និងម៉ូតូធំ បុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ ២នាក់

ភ្នំពេញ: នាវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូធន់ធំ ខណ:ពេលមេឃកំពុងរលឹមស្រិចៗ បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់ ២នាក់ ស្ថិតតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យ៉ែម ផាំ ភេទប្រុស អាយុប្រហែល ២១ឆ្នាំ (ស្លាប់) មុខរបរ ធ្វើការនៅក្រុមហ៊ុន លក់ថ្នាំលាបពណ៌មួយកន្លែង មានស្រុកកំណើត ភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បើកបរម៉ូតូម៉ាក YAMAHA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1JB-3756 ។
រថយន្តម៉ាក ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AY-2435 ។

ករណីនេះ បន្ទាប់ពីកើតហេតុសាច់ញាតិជនរងគ្រោះ ដែលត្រូវជាបងស្រីជីដូនមួយ បានមកដល់កន្លែងកើតហេតុ សុំមើលសាកសពដឹងប្រាកដថា ជាប្អូនហើយក៏អង្គុយយំបណ្ដើរដុតធូបបណ្តើរ ហៅប្អូនឲ្យត្រឡប់ទៅផ្ទះជាមួយបងវិញនៅឯខេត្តក្រចេះ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់