ស្ទឹងត្រែងៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថានៅថ្ងៃថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារចំនួនពីរ គឹផ្សារសាមគ្គី និងផ្សារគីឡូពីរ ស្ថិតក្នុងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
- ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
-ទឹកក្រូចចំណុះ ១.៥ លីត្រចំនួន ១៥ដប ស្មើនឹង ២២.៥គីឡូក្រាម
-ទឹកក្រូចចំណុះ ៤៨០មីលីលីត្រ ចំនួន ៣ដប ស្មើនឹង ១.៤៤គីឡូក្រាម
-ទឹកក្រូចចំណុះ ៣៥០ មីលីលីត្រ ចំនួន ១៨ដប ស្មើនឹង ៦.៣គីឡូក្រាម
-មីកំប៉ុងចំនួន ១៨កំប៉ុង ស្មើនឹង ១.៨ គីឡូក្រាម
-នំចំម្រុះ និងស្ករគ្រាប់ចំនួន ២.៥គីឡូក្រាម
-មេតាណុល ចំនួន ៩ដប ស្មើនឹង ៤.៧គីឡូក្រាម
សរុបទាំងអស់ចំនួន ៣៩គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់