ភ្នំពេញៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យជាឃាតក ០២នាក់ដែលជាអ្នករកស៊ីគួកជេដីធ្លី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នោះហើយនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ ក្រោយពីសំណុំរឿងឃាតកម្មមួយនេះនៅខណ្ឌកំបូល ត្រូវបានបំបែកដោយកម្លាំងនគរបាលចំនួន ០៣អង្គភាពចំណាយពេលស្រាវជ្រាវស៊ើបអង្កេតប្រមាណ ៤៨ម៉ោង។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលកំបូល រាជធានីភ្នំពេញឱ្យដឹងថា កាលពីវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវលំមួយកន្លែង ភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ជនរងគ្រោះម្នាក់មានឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ៤១ឆ្នាំ ប្រកបមុខរបររកស៊ីចងការប្រាក់និងទិញ-លក់ឡាន ត្រូវបានឃាតកមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតែម្នាក់ឯង។ ក្រោយពីមានករណីឃាតកម្មនោះហើយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការគ្នាជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក៏បានស្រាវជ្រាវសើបអង្កេត នឹងមានការសហការពីសាច់ញាតិជនរងគ្រោះ។ កម្លាំងនគរបាលទាំង ៣អង្គភាពក៏បានឈានទៅដល់កំណត់បានមុខសញ្ញាជនសង្ស័យ ០២នាក់ ដែលជាប់ពាក់ព័ន្ធនិងជំពាក់ប្រាក់ជនរងគ្រោះ។ លុះនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលក៏បានចាប់ខ្លួនជនសង្ស័យជាដៃដល់ម្នាក់ ស្ថិតនៅចំណុចផ្លូវបេតុងមួយកន្លែង ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូលឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ ៣០ឆ្នាំ ប្រកបមុខរបរអ្នកជំនួញគួកជេដី និងលក់សាំង ស្នាក់នៅផ្ទះលេខ១៥៨ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូលឱ្យដឹងទៀតថា ក្រោយពីកម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាអ្នកដៃដល់នេះហើយ ។ កម្លាំងនគរបាលនៅថ្ងៃដដែលបានបន្តទៅចាប់ឃាត់ខ្លួនជនសង្ស័យជាអ្នករួមគំនិត និងជាម្ចាស់កាំភ្លើង០១នាក់ទៀតមានឈ្មោះ ផេង ស៊ីថុល ភេទប្រុស អាយុ ៤០ឆ្នាំ ប្រកបមុខរបរយោធា និងរកស៊ីគួកជេដី ស្នាក់នៅក្នុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ក្នុងនោះសមត្ថកិច្ច បានដកហូតវត្ថុតាងកាំភ្លើងខ្លី០១ដើម បង់កាំភ្លើង១ គ្រាប់ចំនួន០៩គ្រាប់។
បើយោងតាមរបាយការណ៍ដដែលឱ្យដឹងទៀតថា បើតាមចម្លើយសារភាពពីជនសង្ស័យដៃដល់ឈ្មោះ សុខ ហេងសំបូរ គឺពួកគេមានគម្រោងសម្លាប់ជនរងគ្រោះឈ្មោះ នៅ ចំណាន ពី១០ថ្ងៃមុនមកម្លេះ ដោយកាំភ្លើងខ្លីត្រូវបានជនសង្ស័យឈ្មោះ ផេង ស៊ីថុល ប្រគល់ឱ្យទុកបាញ់សម្លាប់ជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ ផេង ស៊ីថុល ជាអ្នកតាមដានសកម្មភាពជនរងគ្រោះ ។ លុះបន្ទាប់មកជនរងគ្រោះឈ្មោះ នៅ ចំណាន បានតេទូរស័ព្ទទារការប្រាក់១ម៉ឺនដុល្លារ ដែលជនសង្ស័យឈ្មោះ សុខ ហេងសំបូរ ខ្ចីប្រាក់៣០ម៉ឺនដុល្លារ និងជនសង្ស័យឈ្មោះ ផេង ស៊ីថុល ម្ចាស់កាំភ្លើងក៏បានខ្ចី ២ម៉ឺនដុល្លារផងដែរ(ការប្រាក់៣០ភាគរយ)។ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រូបគេបានយករថយន្តលុចស៊ីស៤៧០យកទៅប្រចាំនៅព្រែកតាទែនបានប្រាក់១ម៉ឺន១ពាន់ដុល្លារ និងណាត់ជួបជនរងគ្រោះប្រគល់លុយ ៨ពាន់ដុល្លារនៅចំណុចម្តុំផ្លូវបេតុងត្រពាំងសិលា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ នៅពេលប្រគល់លុយ ជនសង្ស័យឈ្មោះ សុខ ហេងសំបូរ ក៏បានទាមទារយករថយន្តម៉ាកហាមម័រ០១គ្រឿងដែលខ្លួនដាក់បញ្ចាំឱ្យជនរងគ្រោះ។ប៉ុន្តែជនរងគ្រោះមិនព្រមប្រាប់ថាទាល់តែប្រគល់លុយ ២ពាន់ដុល្លារទៀតទើបប្រគល់រថយន្តនោះឱ្យជនសង្ស័យ។ បន្ទាប់មករវាងជនរងគ្រោះនិងជនសង្ស័យក៏បែកគ្នា។ ជនសង្ស័យក៏មកផ្ទះវិញបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះដោយធ្វើជាណាត់ជនរងគ្រោះម្តងទៀតប្រគល់ប្រាក់ ២ពាន់ដុល្លារនៅចំណុចកើតហេតុខាងលើ។ ជនសង្ស័យក៏បានយកកាំភ្លើងខ្លីដាក់ក្នុងកាបូបស្ពាយជិះម៉ូតូទៅកន្លែងណាត់ជួបជនរងគ្រោះ។នៅពេលដល់កន្លែងណាត់ជួប ជនរងគ្រោះបានជិះម៉ូតូបញ្ច្រាសគ្នាជាមួយជនសង្ស័យ ហើយជនសង្ស័យ ក៏បក់ដៃឱ្យជនរងគ្រោះបកក្រោយវិញ ។នៅពេលជនរងគ្រោះជិះម៉ូតូត្រឡប់ក្រោយវិញ ដោយជិះពីមុខជនសង្ស័យ ភ្លាមនោះជនសង្ស័យក៏ដកកាំភ្លើងចេញកាបូបហើយបាញ់ជនរងគ្រោះ ០១គ្រាប់ពីខាងក្រោយបណ្តាលឱ្យដួលទៅលើផ្លូវ និងបានបាញ់ចំនួន០៣គ្រាប់បន្ថែមទៀតរួចក៏ជិះម៉ូតូគេចខ្លួន និងយកកាំភ្លើងខ្លីនោះទៅបោះចោលនៅក្នុងរណ្តៅដីមួយកន្លែងរួចហើយនិងបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ហើយទូរស័ព្ទប្រាប់បក្ខពួករួមគំនិតឈ្មោះ ផេង ស៊ីថុល ថាខ្លួនបានចាត់ការវារួចហើយ៕
មតិយោបល់