ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤និង៤៧នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូរ៉ឺម៉កបើកធ្លាក់ប្រឡាយ បណ្តាលឲ្យរងរបួសធ្ងន់ នៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចខាងកើតទួលកកោះចម្ងាយប្រហែល ៣០០ម៉ែត្រ ស្ថិតក្នុងភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូរ៉ឺម៉កម៉ាក(KV) ពណ៌ខ្មៅ មានស្លាកលេខ សៀមរាប 1AG- 6742 ធ្វើដំណើរពីកើតទៅលិចមានសណ្តោងរ៉ឺម៉កបើកបរដោយឈ្មោះ ទុំ វិន ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ពេលទៅដល់ចំនុចកើតហេតុបានវ៉ាជែងរថយន្ត ១គ្រឿង ធ្វើដំណើរស្របទិសគ្នាហើយបានរេចង្កូតធ្លាក់ប្រឡាយដោយខ្លួនឯង បណ្តាលឲ្យដួលរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងហើយជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ទើបបណ្តាឲ្យគ្រោះដូច្នេះ។ ប្រភពបានបន្តថា ម៉ូតូនិងរ៉ឺម៉កត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅរក្សាទុកនៅផ្ទះអស់ហើយ៕
មតិយោបល់