ព័ត៌មានជាតិ

រន្ធត់ទៀតហើយ! រថយន្តដឹកស្រូវ ខូចពេលយប់ឈប់តាមផ្លូវ ត្រូវម៉ូតូបុកពីក្រោយ បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាបុរសម្នាក់បានស្លាប់ នៅនឹងកន្លែងនិងម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបើកម៉ូតូបុករថយន្តខូចឈប់ពីក្រោយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩និង២០នាទី យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅក្រៅទីប្រជុំជន លើកំណាត់ផ្លូវជាតិលេខ៥ ខាងកើតរោងចក្រទឹកកក ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួម នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឿម ចក់ ភេទប្រុស អាយុ២៩ឆ្នាំ អ្នកបើកបរម៉ូតូម៉ាកហុងដាស៊េរីចាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក.៨៥០៩ បជ១ អ្នករួមដំណើរឈ្មោះ ម៉ៅ ពេជ្រ ភេទប្រុស អាយុ៣២ឆ្នាំ ទាំង០២នាក់ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយរងការិយាល័យបានបញ្ជាក់ថា អ្នកបើកបរម៉ូតូបានបើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវសង្ស័យស្រវឹង ពេលដល់ចំណុចកើតហេតុ បានបុករថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ៣A-១២៩៩ ដឹកស្រូវឈប់ខូច បុកពីក្រោយក្នុងទិសដៅស្របគ្នាមានកាច់មែកឈើជាសញ្ញាតែភ្លើងបំភ្លឺមិនគ្រប់គ្រាន់ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែង ឯអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។​ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី វត្ថុតាងម៉ូតូនិងរថយន្តយកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់