ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្មេងប្រុសអាយុ ៤ឆ្នាំ ម្នាក់ដើរបាត់ពីផ្ទះរយៈពេញ១ថ្ងៃ ទើបក្រុមគ្រួសារប្រទះឃើញដេកស្លាប់ក្នុងទឹកស្រះ ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទីរសៀល រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី ទើបក្រុមគ្រួសារបានប្រទះរកឃើញក្មេងប្រុសរងគ្រោះឈ្មោះ អឿន ឧត្តមអគ្គ លង់ទឹកស្រះខាងត្បូងផ្ទះចម្ងាយប្រហែល ២០០ម៉ែត្រ បណ្តាលឲ្យស្លាប់ស្ថិតក្នុងភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក អាត សំអឿន ត្រូវជាឪពុកកុមាររងគ្រោះបានប្រាប់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងភរិយារបស់គាត់ឈ្មោះ ផល សុភ័ណ្ឌ កំពុងជាប់រវល់កិច្ចការ រីឯកូនរបស់គាត់ដែលជាកុមាររងគ្រោះលេងជាមួយកូនអ្នកស្រុក ឃើញដូច្នេះគាត់គិតធ្វើការងារផ្ទះឲ្យរួចទើបហៅកូនចៃដន្យអាក្រក់ក៏បាត់កូនរបស់ខ្លួនតែម្តង សួរអ្នកណាក៏គ្មានដឹងក៏ចែកផ្លូវគ្នាដើររកកុមាររងគ្រោះ តែមិនប្រទះរហូតដល់ថ្ងៃទី២១ម្សិលមិញ ទើបប្រទះឃើញកូនរបស់គាត់ដេកស្លាប់ក្នុងទឹកស្រះក៍ផ្តល់ព័ត៌មានជូនសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឪពុកម្ដាយនឹងជីដូនជីតាកុមាររងគ្រោះ ពិតជាលង់ទឹកដោយខ្លួនឯងប្រាកដមែន ព្រោះកូនរបស់គាត់ ធ្លាប់ដើរលេងតែម្នាក់ៗឯង។ លោកមេប៉ុស្តិ៍បានបន្តថា តាមការពិនិត្យរបស់សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់របស់កុមាររងគ្រោះ គឺពិតជាលង់ទឹកស្លាប់ប្រាកដមែន បណ្តាលមកពីការធ្វេសប្រហែសរបស់ឪពុកម្តាយ។ សមត្ថកិច្ចនគរបាលបានប្រគល់សាកសពកុមាររងគ្រោះ អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់