ព័ត៌មានជាតិ

បងប្អូនប្រុងប្រយ័ត្ន! មន្រ្តីជំនាញរកឃើញ ពពុះសណ្ដែក ទឹកដោះគោស្រស់ ទឹកក្រូច និងនំធុង ខូចគុណភាព

បាត់ដំបង: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា
នៅថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបងដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាពទំនិញ នៅផ្សារសង្កែ និងផ្ទះលក់គ្រឿងទេសជុំវិញផ្សារ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពសរុបចំនួន ៦២គីឡូក្រាម រួមមាន៖
– ពពុះសណ្ដែក ចំនួន ០២គីឡូក្រាម
– ទឹកដោះគោស្រស់ ០៦ប្រអប់ ចំនួន ០១គីឡូក្រាម
– ទឹកក្រូច ២៩ដបចំណុះ ១.២៤លីត្រ ចំនួន ៣៦គីឡូក្រាម
– នំធុង ០៥ធុង ចំនួន ២៣គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់