ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានករណីបុរសចំណាស់ម្នាក់បើករថយន្ត បុកខឿនផ្លូវ និងផ្លាកសញ្ញា ហើយបន្តទៅបុកដើមក្ងោក១ដើមទៀត បណ្ដាលឲ្យរងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវមហាវិថី សហព័ន្ធរុស្ស៊ីទល់ក្រុមហ៊ុន លក់រថយន្តKia ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាក NISSAN ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-8657 បើកបរដោយបុរសចំណាស់ម្នាក់ ក្នុងស្ថានភាពស្រវឹង ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់ទាំងស្រុង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កធ្វើដំណើរ តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ីពីកើតទៅលិចក្នុងល្បឿនលឿន ហើយអ្នកបើកបររថយន្តបង្កនោះគឺ គាត់គេងលក់ក្នុងរថយន្តនោះ ពេលកំពុងធ្វើដំណើរ ខណៈពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏រ៉េចង្កូតឡើងខឿនផ្លូវទៅបុកផ្លាកសញ្ញា (បន្ថយល្បឿន) បណ្ដោយអោយបាក់ដួលរំលំអស់មួយដើម និងបន្តទៅបុកនិងបន្តទៅបុកដើមក្ងោកមួយដើមទៀតទាំងកំរោលពេញទំហឹង បណ្តាលអោយរថយន្ដវិលក្បាលរថយន្ដ ត្រលប់ក្រោយវិញរងការខូចខាតមួយកំណាត់មុខទាំងស្រុង ចំណែកដើមក្ងោករលើងឫសរងការខូចខាត ចំពោះអ្នកបើកបរមិនមានរងរបួសអ្វីឡើយ។
ក្រោយកើតហេតុអ្នកបើកបរគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ អោយសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុក ចាត់ការតាមនីតិវិធី៕
មតិយោបល់